ខេត្តកំពង់ចាម ៖ លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារខេត្តកំពង់ចាម ទៅតាមបញ្ញត្តិច្បាប់ មាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ពីបទហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ជនត្រូវចោទឈ្មោះ ក្រឹម អន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើតនៅភូមិកណ្តាលខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទីលំនៅមុនថ្ងៃចាប់ខ្លួននៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជននេះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ដែលប្រព្រឹត្តកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់ មាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ៕ វណ្ណៈ