បណ្តាក្រុមហ៊ុនអាមេរិកនិងអឺរ៉ុបត្រូវបាត់បង់ទឹកប្រាក់រាប់សិបពាន់លានដុល្លារដោយការដាក់ទណ្ឌកម្មអីុរ៉ង់

ចែករំលែក៖

ក្រុមហ៊ុនអាមេរិក និងអឺរ៉ុបប្រឈមនឹងការខាតបង់ទឹកប្រាក់រាប់សិបពាន់លាន ដុល្លារ ដោយត្រូវលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអីុរ៉ង់ ក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ លុប កិច្ចព្រមព្រៀងនិងបង្កើនការដាក់ទណ្ឌកម្មអីុរ៉ង់តឹងតែងជាងមុន។

ការសម្រេចដាក់ទណ្ឌកម្មជាថ្មី ដល់ អីុរ៉ង់ និងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូរបស់លោកត្រាំ នឹងធ្វើឲ្យខាត បង់ជាច្រើនដល់ក្រុមហ៊ុនផលិតប្រេងយន្តហោះ និងរថយន្តដែលបានព្រមព្រៀងគ្នាជាមួយអីុរ៉ង់។ ប៉ុន្តែតាមអ្នកឯកទេស លទ្ធផលនៃការសម្រេចរបស់លោកត្រាំមិនទាន់បញ្ជាក់ច្បាស់ថា តើមានក្រុមហ៊ុនណាខ្លះដែលត្រូវបន្តជាមួយអីុរ៉ង់ និងក្រុមហ៊ុនណាខ្លះត្រូវចូលរួមដាក់ទណ្ឌកម្មអីុរ៉ង់នោះទេ។

ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក និង អ៊ែរបឺស របស់អឺរ៉ុប ត្រូវបានគេវាយតម្លៃថា ជាក្រុមហ៊ុនដែល រងការខាតបង់ច្រើនជាងគេ ។ ជាមួយ គ្នានេះក្រុមហ៊ុន អ៊ែរបឺស អាចនឹងត្រូវ ខាតបង់ទឹកប្រាក់ ១៩ពាន់លានដុល្លារ អាមេរិក ។ចំណែកក្រុមហ៊ុនប៊ូអុីង ក៏នឹង ត្រូវខាតបង់ប្រមាណ២០ពាន់លានដុល្លារ ដោយសារតែអាមេរិកលុបកិច្ចព្រមព្រៀងជាមួយអីុរ៉ង់។

ក្រោយកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន ប្រេង បានវិលត្រឡប់ ចូលទៅកាន់ទីផ្សារក្នុងប្រទេសអីុរ៉ង់វិញ ក្នុងនោះមានក្រុមហ៊ុន ប្រេង តូតាល់ របស់បារាំង ដោយបានព្រមព្រៀងគ្នាក្នុង រយៈពេល ២០ឆ្នាំមានតម្លៃជាង ៥ពាន់លាន ដុល្លារ។ នៅពេលនេះប្រសិនបើអាមេរិកបែរខ្នងដាក់អីុរ៉ង់ នឹងធ្វើឲ្យកិច្ចព្រមព្រៀងទាំងនោះអាចនឹងត្រូវលុបចោល។

កាលពីថ្ងៃទី ៩ខែឧសភា សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មជាថ្មីដល់ អីុរ៉ង់ និងដំណើរការឡើងវិញនូវទណ្ឌកម្មចាស់ របស់អាមេរិកនិងលោកខាងលិចទៅលើអីុរ៉ង់។អ្នកនាំពាក្យសេតវិមាន លោក ស្រី Sarah Sanders បានបញ្ជាក់ថា «យើងនឹង ដាក់គំនាប យ៉ាងខ្លាំងដល់អីុរ៉ង់ និងសន្យាថាមិនអនុញ្ញាតឲ្យអីុរ៉ង់ មានអាវុធ បរមាណូនោះឡើយ»។

ក្នុងពេលជាមួយគ្នានេះ មេដឹកនាំ អង់ គ្លេស បារាំង អាល្លឺម៉ង បានបរាជ័យ នៅក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីត្រាំ កុំឲ្យ លុបកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់។ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean Claude Juncker បានបញ្ជាក់ថា សកម្មភាពដកអាមេរិកចេញពីកិច្ចព្រមព្រៀង ជាមួយ អីុរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថាអាមេរិក មិនចង់សហការជាមួយផ្នែកផ្សេងទៀតនៃពិភពលោកទេ។

ពាក់ព័ន្ធនឹងការដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់របស់លោកត្រាំ បានធ្វើឲ្យមានប្រតិកម្មចម្រុះពីសហគមន៍អន្តរជាតិ។ ក្រោយពីលោកត្រាំប្រកាស ដូច្នេះ សហគមន៍អន្ដរជាតិបានបញ្ចេញ ប្រតិកម្មខុសៗគ្នា ដោយខ្លះប្រកាស ស្វាគមន៍ ខ្លះខឹងសម្បា និងខ្លះចាត់ទុកថា វាជាការសម្រេចចិត្តខុស។

ប្រតិកម្មមុនគេចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក គឺចេញពី លោក ហាស្សាន់ រូហានី ប្រធានាធិបតី អុីរ៉ង់។ សម្រាប់លោក រូហានី ការដកខ្លួន របស់អាមេរិក គឺជាការប្រកាសសង្គ្រាមផ្លូវចិត្តប្រឆាំងនឹងអុីរ៉ង់។ ភ្លាមៗនោះ ប្រធានា ធិបតីអុីរ៉ង់រូបនេះ បានចេញបញ្ជាទៅអង្គការថាមពលអាតូមរបស់អុីរ៉ង់ ឲ្យចាត់វិធានការចាំបាច់នានាសម្រាប់ពេលអនាគត ហើយប្រសិនបើចាំបាច់ លោកថា អុីរ៉ង់ អាចនឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយគ្មានដែនកំណត់ និងថា បើទោះ បីជាអាមេរិកដកខ្លួនចេញក៏ដោយ អុីរ៉ង់និង សហគមន៍អន្ដរជាតិ នឹងបន្តរក្សាកិច្ចព្រមព្រៀងនេះឲ្យនៅដដែល។

លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិកដែលជាអ្នកខិតខំប្រឹងប្រែង បង្កើតឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អុីរ៉ង់ បានហៅការប្រកាសរបស់លោក ដូណាល់ ត្រាំ ថាជាការសម្រេចចិត្តខុស។ ចំណែកខាងសហភាពអឺរ៉ុបវិញមាន បារាំង អាល្លឺម៉ង់ និងអង់គ្លេស បានសម្ដែងការសោកស្ដាយចំពោះការប្រកាសដកខ្លួនរបស់អាមេរិក។ រីឯមូស្គូ ក៏ខកចិត្តណាស់ ដែរ។ សម្រាប់រុស្ស៊ី ការសម្រេចចិត្តរបស់ លោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអុីរ៉ង់ នឹងបង្កអស្ថិរភាព ក៏ដូចជាទំនាស់ថ្មីៗបន្ថែមទៀត។

ពីស៊ីរីឯណោះវិញប្រមុខការទូតស៊ីរី បានថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់អាមេរិក។ ទង្វើរបស់អាមេរិកដូច្នេះ បើតាម ប្រមុខការទូតស៊ីរី គឺបានបង្ហាញជាថ្មីម្ដង ទៀតថា សហរដ្ឋអាមេរិកគ្មានការប្ដេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងអន្ដរជាតិឡើយ។

ដោយឡែក ប្រមុខអង្គការសហប្រជា ជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បានអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ផ្សេងទៀត គោរពឲ្យបាន ពេញលេញ នូវការប្ដេជ្ញាចិត្តរបស់ពួកគេ ហើយបន្តគាំទ្រដល់កិច្ចព្រមព្រៀងនេះ បើទោះបីជាអាមេរិកចាកចេញក៏ដោយ។

ជាការកត់សម្គាល់ ការសម្រេចចិត្ត របស់លោកត្រាំនៅថ្ងៃអង្គារ ទី៨ ខែឧសភា ដ្បិតតែមានការរិះគន់និងថ្កោលទោស ច្រើនក៏ពិតមែន តែក៏បានទទួលការស្វា គមន៍ដែរ ពីអុីស្រាអែល និងអារ៉ាប៊ីសាអូ៊ឌីត ដែលគាំទ្រយ៉ាងពេញទំហឹងចំពោះការ សម្រេចចិត្តដ៏ក្លៀវក្លារបស់អាមេរិកនេះ៕ ម៉ែវសាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print