ប្រសិនបើគ្មានការទប់ស្កាត់ដីបឹងឈូកស្រុក កំពង់ត្រាច នឹងក្លាយជាកម្មសិទ្ធិឯកជនអស់ ហើយ

ចែករំលែក៖

ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំអាជ្ញាធរស្រុកកំពង់ត្រាចនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះទៅហាមឃាត់ការកាប់វាតយកដីបឹងឈូក ដែល ជាបឹងប្រវត្តិសាស្ត្ររបស់រដ្ឋ នៅចំណុច ស្ពានរូង ក្នុងភូមិបឹងធំខាងលិច ឃុំអង្គសូភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ការចុះទៅហាមឃាត់ខាងលើនេះ គឺ អនុវត្តតាមបញ្ជាផ្ទាល់ពីសំណាក់ លោក អូន ខន អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រាច ទើបតែទទួលតំណែងថ្មី ដែលកន្លងមកលោកអភិបាលស្រុករូបនេះហាមប្រាមដាច់ខាតមិនឱ្យបុគ្គលណាម្នាក់កេងប្រវ័ញ្ចយកសម្បតិ្តសាធារណៈនោះឡើយ។

តាមប្រភពពីក្រុមសមត្ថកិច្ចចម្រុះដែលចុះមករារាំងកុំឱ្យមានការកាប់វាតយកដីបឹងធម្មជាតិរបស់រដ្ឋបានអះអាងថា កាលពី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ មាន មនុស្សប្រមាណពី៥ទៅ៦នាក់ ប្រដាប់ ដោយកាំបិតផ្គាក់ និងម៉ាស៊ីនកាត់ស្មៅ បានធ្វើសកម្មភាព កាប់ឆ្ការនៅក្នុងបឹងឈូក ចំណុចភូមិបឹងធំ ឃុំអង្គសូភី ស្រុកកំពង់ ត្រាច បំណង វាតយកដីធ្វើជាកម្មសិទ្ធិ ទើបអភិបាលស្រុកបញ្ជាឱ្យអាជ្ញាធរក្រោម ឱវាទ និងកម្លាំងសមត្ថកិច្ចចុះទៅហាមឃាត់កុំឱ្យមានការកាប់វាត ទន្ទ្រានបន្តទៀត។ ក្រុមសមត្ថកិច្ច បានបញ្ជាក់ថា អ្នកដែល​​​ ជួលកម្មករឱ្យចុះទៅកាប់ឆ្ការបឹងឈូកខាងលើនេះ ឈ្មោះ សំ អេន និងប្រពន្ធឈ្មោះ សេង យិ ដោយពួកគាត់បានអះអាងថា ដីបឹងនេះពួកគាត់កាន់កាប់រាប់សិបឆ្នាំមកហើយទើបពួកគាត់ហ៊ានកាប់ឆ្ការបែបនេះ ។

បើយោងតាមប្រភពពីលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបង្ហើបថា បុគ្គលដែលហ៊ានបំពានទៅលើដីបឹងជាសម្បតិ្តរដ្ឋ ដោយមិន ខ្លាចញញើតបែបនេះ ដោយសារតែមាន មន្ត្រីធំៗ២ឬ៣នាក់ នៅស្រុកកំពង់ត្រាច ចាំជួយជ្រោមជ្រែងពីក្រោយខ្នង ក្នុងគោល បំណង ដើម្បីទាញយកផលប្រយោជន៍មួយចំណែកដែរ ទើបធ្វើឱ្យបុគ្គលទាំងនេះឡើងកូដមិនខ្លាចច្បាប់ទម្លាប់ឡើយ។

ប្រភពច្បាស់ការណ៍ បានបង្ហើបទៀត​ថា ត្រង់ចំណុចមុខដីបឹងឈូកជាប់នឹងផ្លូវជាតិលេខ៣១ បច្ចុប្បន្ននេះកំពុងមានហាងឆេងខ្លាំងណាស់ ហើយបើក្រសោបយកបាន​ វិញ គឺមានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ។ ម្លោះហើយទើបមានបុគ្គល ដែលមានចិត្តមហិច្ឆតាបានប្រើគ្រប់រូបភាព ដើម្បីក្រសោបយកដីបឹងរបស់រដ្ឋនេះឱ្យបាន ទោះជាប្រើ តាមវិធី​ណាក៏ដោយ។

ប្រភពដដែលបានឱ្យដឹងផងដែរថា កាលពីអភិបាលស្រុកមុនប្រឡាយ និងមាត់ បឹងស្ថិតក្បែរចំណុចនេះ ត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចាក់លុបយកធ្វើជាកម្មសិទ្ធិបន្តគ្នា ស្ទើរបាត់រូបរាងអស់ទៅហើយចាប់ពីខាងកើតទីប្រជុំជនស្រុកកំពង់ត្រាច រហូតមកទល់នឹងភូមិសាស្ត្រឃុំអង្គសូភី ដែលមាន ប្រវែងរាប់គីឡូម៉ែត្រ ប៉ុន្តែឥឡូវនេះក៏នៅមានសកម្មភាពទន្ទ្រានជាបន្តបន្ទាប់ តែត្រូវបានរារាំងដោយអាជ្ញាធរស្រុកបច្ចុប្បន្ន។ ដូច្នេះគេចាំមើលថា តើអភិបាលស្រុកថ្មី អាចទប់ស្កាត់រាល់ការបំពានពីបុគ្គលម្នាក់នេះបានដែរឬទេ? ម្យ៉ាងទៀតបឹងឈូកនេះ ជាដង្ហើមស្លាប់ រស់របស់ប្រជាពលរដ្ឋទូទៅ ពិសេសជាបឹងសម្រាប់បញ្ចៀសទឹកជំនន់ភ្លៀង ដែលប្រជាពលរដ្ឋក្នុងឃុំពីរ គឺឃុំបឹង សាលាខាងជើង និងឃុំកំពង់ត្រាចខាង កើត កំពុងប្រឈមនឹងការលិចលង់ ខណៈ មានការលុបបឹងឈូកដែលជាជ្រលងបង្ហៀរ ទឹកចេញពីភូមិសាស្ត្រខាងលើ ។

លោក អូន ខន អភិបាល នៃគណៈ អភិបាលស្រុកកំពង់ត្រាចថ្មី នៅព្រឹកថ្ងៃ​ទី១១ខែឧសភា ឆ្នាំ២០១៨ បាន​បញ្ជាក់ ប្រាប់ឱ្យដឹងថា លោកមិនព្រមអនុញ្ញាតឱ្យបុគ្គលណាម្នាក់ បំពារបំពានរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឡើយ ពិសេស បឹងឈូកចំណុចស្ពានរូងនេះតែម្តង គឺដាច់ខាតត្រូវតែរក្សាឱ្យនៅគង់វង្សដូចដើម។ លោក​បាន​ឱ្យដឹងទៀតថា លោកមិនបណ្តែត​បណ្តោយឱ្យបុគ្គលម្នាក់ទៅបំផ្លាញប្រជា​ពលរដ្ឋរាប់រយនាក់នោះទេដឹងស្រាប់ហើយបឹងឈូកនេះ ជាបឹងធម្មជាតិ និងជាដង្ហើម​រស់របស់ ប្រជាពលរដ្ឋរាប់រយគ្រួសារ ស្ថិត​ក្នុងភូមិ ដាសស្គរ ឃុំបឹងសាលាខាងជើង និងភូមិ កោះខ្លូត ឃុំកំពង់ត្រាចខាងកើត។

សូមបញ្ជាក់ថា កន្លងមកមានបុគ្គលមួយចំនួនចេះតែដណ្តើមប្រជែងចាក់ដីលុបបឹងឈូកត្រង់ចំណុច(ស្ពានរូង)បំណងបំពាន​យកជាញឹកញាប់ ប៉ុន្តែត្រូវបានរារាំងដោយ អាជ្ញាធរស្រុក។ដូច្នេះគេចាំមើលថា តើការហាមប្រាមរបស់អាជ្ញាធរមានប្រសិទ្ធភាពដែរឬទ?េ ហើយអ្នកនៅពីក្រោយក្នុងករណី បំពានយកដីរដ្ឋនេះ តើគេមានខ្នងបង្អែក នរណាទៅ ទើបថ្លើមធំបែបនេះ?

ជាថ្មីម្តងទៀត មហាជន ពិសេសប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច សំណូមពរដល់ លោក ជាវ តាយ អភិបាល នៃ គណៈអភិ បាល​ខេត្តកំពត ដែលទើបកាន់តំណែងថ្មី សូមលោកជួយពិនិត្យ រាល់ករណីរំលោភ បំពានមកលើដីរដ្ឋដូចខាងលើនេះផង ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print