ក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ាវាយប្រហារសម្លាប់មនុស្ស១៩នាក់ នៅជិតព្រំដែនចិន

ចែករំលែក៖

អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ក្រុមបះបោរជនជាតិភាគតិចនៅមីយ៉ាន់ម៉ាបានសម្លាប់មនុស្ស១៩នាក់ ក្នុងនោះមានកងសន្តិសុខ៤នាក់ផងដែរ ក្នុងការវាយប្រហារធំមួយក្បែរច្រកទន្លេសំខាន់មួយជាមួយចិន កាលពីព្រឹកថ្ងៃសៅរ៍ ។

ការប៉ះទង្គិចនៅភាគខាងជើងមីយ៉ាន់ម៉ានេះទើបតែបានកើនឡើងកាលពីមួយខែមុនប៉ុណ្ណោះ ហើយការវាយប្រហារចុងក្រោយនេះបានបង្ហាញពីការធ្លាក់ចុះអាទិភាពដែលរំពឹងទុករបស់មេដឹកនាំស៊ីវិល លោកស្រីអ៊ុ ងសានស៊ូជី ក្នុងការសម្រេចបាននូវសន្តិភាព គ្រាដែលផ្លាស់ប្តូរអំណាចពីយោធាមានការរអាក់រអួល ។

អ្នកនាំពាក្យរបស់កងទ័ពរំដោះជាតិ Ta’ang (TNLA) ដែលមានយុទ្ធជនមកពីក្រុម Ta’ang ឬក្រុមជនជាតិភាគតិច Palaung បានប្រកាសថា ក្រុមគេបានវាយប្រហារទីតាំងកាស៊ីណូ គ្រប់គ្រងដោយពួកឧទ្ទាម និងយោធាមីយ៉ាន់ម៉ា នៅជាយក្រុង Muse ចម្ងាយរាប់រយម៉ែត្រពីទន្លេ ដែលបែងចែករដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា និងខេត្តយុនណាន ប្រទេសចិន ។

យោធាមីយ៉ាន់ម៉ាតែងតែប៉ះទង្គិចច្រើនដងជាមួយក្រុមឧទ្ទាមដែលអួងអាងថា ការប្រយុទ្ធរបស់ពួកគេគឺដើម្បីស្វ័យភាពទូលំទូលាយសម្រាប់ជនជាតិភាគតិចប្រចាំនៅក្នុងតំបន់ ឆ្លងកាត់លំហូរពាណិជ្ជកម្មបរទេសរបស់មីយ៉ាន់ម៉ា ។

លោក Zaw Htay អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្លែងថា ក្រុមបះបោរប្រហែល១០០ នាក់ចាប់ផ្តើមវាយប្រហារនៅប្រហែលម៉ោង៥ព្រឹក ដោយប្រើអាវុធធុនតូច និងកាំភ្លើងធំ ប៉ុន្តែត្រូវបានបង្ក្រាបដោយប៉ូលិសប្រដាប់អាវុធ និងសមាជិកកងជីវពលដែលគាំទ្ររដ្ឋាភិបាល ឬដែលហៅថា “កងបារ៉ា”នោះ​ ។

លោកបន្តថា ជនស៊ីវិល១៥នាក់ ក្នុងនោះមានស្ត្រី២នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ។

លោក Zaw Htay បានបន្តថា មន្រ្តីប៉ូលីស និងកងជីវពល៣ នាក់ បានបាត់បង់ជីវិតផងដែរដោយសារការប៉ះទង្គិចជាមួយក្រុមឧទ្ទាមនេះ ។ លោកមិនដឹងថា មានជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាប៉ុន្មាននាក់ឲ្យប្រាកដបាននាំគ្នារត់ភៀសខ្លួនចូលទៅក្នុងប្រទេសចិននោះឡើយ ។

នាពេលបច្ចុប្បន្ននេះ កងកម្លាំងយោធាមីយ៉ាន់ម៉ាបាននិងកំពុងវាយប្រហារ និងកំពុងតាមប្រមាញ់ពីក្រោយពួកឧទ្ទាមដែលព្រហើនកោងកាចទាំងនេះ ។ ពួកគេបានរត់គេចខ្លួនអស់ បន្ទាប់ពីវាយប្រហារទៅលើគោលដៅជាស៊ីវិល ។ លោក Zaw Htay សង្កត់ធ្ងន់ថា នេះមិនមែនជាចលនាដើម្បីសិទ្ធិជនជាតិភាគតិចស្អីនោះទេ វាជាការវាយប្រហារភេរវកម្មយ៉ាងពិតប្រាកដ ។

លោក L Soe Htan Tu អ្នកនាំពាក្យរដ្ឋាក្រុង Museវិញ បានបង្ហើបថា យ៉ាងហោចណាស់មនុស្ស២០ នាក់បញ្ជូនមកកាន់មន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ធ្ងរ ប៉ុន្តែគាត់មិនដឹងថា មានមនុស្សប៉ុន្មាននាក់បាត់បង់ជីវិតនោះទេ។

អ្នកនាំពាក្យក្រុម TNLA លោក Tar Aik Kyaw បានអួតអាងថា ពួកគេពិតជាបានវាយប្រហារ សំដៅទៅលើពួកទាហាន និងកងជីវពលដែលដំណើរការកាស៊ីណូនោះមែន ប៉ុន្តែដំណាក់កាលនោះ ជនស៊ីវិលអាចត្រូវរងគ្រាប់កាំភ្លើង ខណៈឆ្លងកាត់នៅទីនោះ ។ “ពួកកងជីវពលកំពុងតែការពារកាស៊ីណូ ។ កាស៊ីណូទាំងនោះ គឺជាច្រកចេញសម្រាប់ចែកចាយថ្នាំញៀន ។ ជនស៊ីវិលជាច្រើនដែលចូលទៅកាស៊ីណូនោះហើយ វាតែងតែបណ្តាលឱ្យមានបញ្ហាសង្គមជាច្រើន ដូច្នេះយើងបានចាប់ផ្តើមវាយប្រហារដ៏ធំមួយ» ។

លោក Tar Aik Kyaw បានបោះសម្តីទៀតថា នេះគឺជាការសងសឹកការវាយប្រហារថ្មីៗទៅលើទីលាន TNLA និងការជំរុញរបស់យោធានៅរដ្ឋ កាជីន នៅភាគខាងជើង រវាយលុកប្រឆាំងកងទ័ពឯករាជ្យកាជីន ដែលជាសម្ព័ន្ធមិត្តរបស់TNLA ដោយបង្កឲ្យមានបម្លាស់ទីមនុស្សជាង៦០០០នាក់កាលពីខែមុន ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print