ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចបុរីតេជោ សែន ស្ថិតក្នុងភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នគរបាលស្រុកមេមត់បានឲ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២២៩ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ត្រូវចោទពី «បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ដែលបានធ្វើសកម្មភាពប្រព្រឹត្តនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមប្បញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
នគរបាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រស់ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលសមត្ថកិច្ចជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលា ដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី ៕ វណ្ណៈ