ប្រទះឃើញគ្រាប់បែកចង្កោមក្នុងខណ្ឌឫស្សីកែវ សមត្ថកិច្ចជំនាញចុះទៅយកខ្លាចផ្ទុះរងគ្រោះដល់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ បានបុកគ្រឹះសាងសង់ផ្ទះស្រាប់តែប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារកាសែតនគវត្តដែលបានចុះទៅយកព័ត៌ មានផ្ទាល់នៅកន្លែងកើតហេតុបានឲ្យដឹងថា កម្មករសំណងដែលជាជាងធ្វើផ្ទះនោះ នៅមុនពេលប្រទះឃើញ ខណៈកំពុងបុកគ្រឹះសាងសង់ផ្ទះស្រាប់តែប្រទះឃើញគ្រាប់បែកមួយគ្រាប់ ប៉ុន្ដែមុន ដំបូងមិនដឹងថាជាគ្រាប់បែកនោះទេក៏រើសគប់ទៅវាលខ្សាច់តែម្ដងទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។

បើតាមសមត្ថកិច្ចជំនាញ គ្រាប់បែក ដែលប្រជាពលរដ្ឋប្រទះឃើញនេះជាប្រភេទគ្រាប់បុមប៊ីដែលជាគ្រាប់បែកចង្កោម បន្សល់ទុកកាលពីសម័យសង្គ្រាម ហើយ អាចផ្ទុះនៅកណ្ដាលលំហអាកាសបាន និង អាចផ្ទុះបានគ្រប់ពេលប្រសិនបើគ្រាប់បែកនោះរមៀលទៅប៉ះចំវត្ថុរឹង។ ក្នុងមួយគ្រាប់ពេលផ្ទុះមានបែកទៅជាគ្រាប់តូចៗដល់ទៅរាប់ពាន់គ្រាប់ឯណោះ និងមានអនុភាព ខ្លាំងចម្ងាយចាប់ពី៥០ទៅ១០០ម៉ែត្រ ។

បច្ចុប្បន្ននេះសមត្ថកិច្ចមូលដ្ឋានបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាពរង់ចាំមន្ត្រីជំនាញ ស៊ីម៉ាក់យកទៅរក្សាទុក និងកម្ទេចចោល នៅពេលក្រោយ ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print