ជិះរថយន្តក្រុងពីខេត្ត ចុះមិនទាន់ស្រួលបួលផង ចោរនៅទីក្រុងភ្នំពេញ ឆក់កាបូបលុយអស់ជាង៤ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ មេការសំណង់ម្នាក់វេចលុយពីខេត្ត ដើម្បីមកទូទាត់ជាមួយក្រុមហ៊ុននៅភ្នំពេញ ត្រូវបានចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច ខណៈចុះពីលើរថយន្តឈរនិយាយ​ទូរ​ស័ព្ទទៅកាន់មិត្តភក្តិឲ្យមកទទួល ភ្លេចការប្រុងប្រយ័ត្ន ។

ជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហ ព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គាត់បានចុះពីលើរថយន្ត​ក្រុង ក្នុងគោលបំណងយកលុយមកទូទាត់ជាមួយក្រុមហ៊ុននៅរាជធានីភ្នំពេញ ខណៈ កំពុងឈរនិយាយទូរសព្ទ័ទៅកាន់មិត្តភក្តិ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ីយគីឡេត ពណ៌ស មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីដៃបាន សម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

តាមរយៈពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់១បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អៀង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងគ្រឿងសំណង់​នៅតាម​ខេត្ត ស្នាក់នៅម្តុំផ្សារឈូកមាស សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត សង្កាត់អូរឬស្សី ខណ្ឌ៧មករា។

ជនរងគ្រោះបញ្ជាក់ថា សម្ភារៈបាត់បង់មាន ៖ លុយដុល្លារចំនួន២.០០០ដុល្លារ , លុយ​ខ្មែរចំនួន៤000.000រៀល , ទូរសព្ទ័ចំនួនពីរគ្រឿង ១គ្រឿងម៉ាកអិនចុចពិល និង១គ្រឿង ទៀតម៉ាកអាយហ្វូនហ្វ័រ ។ ជនរងគ្រោះបន្តថា សរុបទ្រព្យសម្បត្តិដែលបាត់បង់ប្រមាណ ជាង៤.០០០ដុល្លារ និងឯកសារមួយចំនួនផងដែរ ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់​ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print