អាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខេត្តសៀមរាប បំបែកសុំណុំរឿងក្រុមចោរលួចកាច់សោ “ក” មួយសំបុកធំឃាត់ខ្លួនមនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យដែលជំនាញ លួច កាច់សោ “ក” ម៉ូតូ ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខេត្តសៀមរាប បំបែកសុំណុំរឿងមួយសំបុកធំ ដោយធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្រោយទទួលបានព័ត៌មានសម្ងាត់ពីភ្នាក់ងារថា មានជនសង្ស័យម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កូបពី ពណ៌ស ពីខេត្តសៀមរាប មកផ្ញើទុកនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ភាពសូវៀត ហៅពេទ្យរុស្ស៊ី។

ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះស្រាវជ្រាវជាក់ស្តែង រហូតដល់វេលាម៉ោង១៖៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1GJ-9589 (ជាស្លាកលេខក្លែងបន្លំ) នៅមុខមន្ទីរពេទ្យរុស្ស៊ី។

យោងតាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ គឹម ណា យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅសង្កាត់កោះកុង ក្រុងកោះកុង ខេត្តកោះកុង។ រីឯម៉ូតូ១ គ្រឿង ម៉ាកស្កូបពីខាងលើ ពុំមែនជារបស់រូបគេឡើយ ដោយរូបគេគ្រាន់តែត្រូវបានជនម្នាក់ ឈ្មោះ សិទ្ធិ ហៅ ឌី ស្នាក់នៅឯខេត្តសៀមរាប ប្រាប់ឲ្យមកទទួលម៉ូតូពីបុរសម្នាក់ នៅពេទ្យរុស្ស៊ី និងយកថ្នាំញៀន១កញ្ចប់ ប្រគល់ឲ្យបុរសនោះ ត្រឡប់ទៅវិញ។ ហើយថ្នាំញៀន ដែលប្រគល់ឲ្យទៅបុរសជាអ្នកជិះម៉ូតូមកពីសៀមរាបនោះ គឺឈ្មោះ សិទ្ធិ ហៅ ឌី ដែលនៅឯខេត្តសៀមរាប បានឲ្យរូបខ្លួនទៅទទួលយកពីបុរសម្នាក់ផ្សេងទៀត នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

ក្រោយពីក្តាប់ព័ត៌មានបានយ៉ាងច្បាស់លាស់ថា ជនសង្ស័យដែលជាមេក្លោងឈ្មោះ សិទ្ធិ ហៅ ឌី កំពុងលាក់ខ្លួននៅក្នុងបន្ទប់លេខ៥ ផ្ទះសំណាក់ម៉ានីអង្គរ ខេត្តសៀមរាប អាវុធហត្ថរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានស្តីពីអត្តសញ្ញាណ, រូបថត និងទីតាំង ទៅដល់អាវុធហត្ថខេត្តសៀមរាប ដើម្បីចុះស្រាវជ្រាវ។ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល អាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ តាមការចង្អុលបង្ហាញរបស់អាវុធហត្ថរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងមួយចំនួន ដូចជា ស្លាកលេខម៉ូតូ ចំនួន១១បន្ទះ, ម៉ូតូចំនួន២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 5237632 (ពាក់ស្លាកលេខក្លែងបន្លំ ព្រៃវែង 1L-6558) និងម៉ាកហុងដា ហ្សូមម័រអ៊ិច ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួ/លេខម៉ាស៊ីន 5118483 (ពាក់ស្លាកលេខក្លែងបន្លំ ភ្នំពេញ 1GY-1279) ព្រមទាំងសម្ភារៈកាច់សោ “ក” មួយចំនួនធំ ។

លុះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បើកការស្រាវជ្រាវបន្តរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សំ រស្មី អាយុ២៧ឆ្នាំ នៅចំណុចភូមិ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជននេះ គឺជាអ្នកចាត់ចែងយកម៉ូតូដែលលួចបាន ទៅលក់បន្ត ព្រមទាំងចាប់យកវត្ថុតាង រួមមាន ម៉ូតូម៉ាក CBR ពណ៌ខ្មៅបិតស្គុត ពណ៌ក្រហម១គ្រឿង ស្លាកលេខ ព្រះសីហនុ 1F-0322 ជាម៉ូតូលួចកាច់សោ “ក” មកពីខេត្តសៀមរាប និងបានទៅឆែកឆេរនៅបន្ទប់ជួលរបស់ជនសង្ស័យ រកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌ស១កញ្ចប់ធំ និង១២កញ្ចប់តូច, ជញ្ជីងថ្លឹង១, ថង់ច្រកគ្រឿងញៀនមួយចំនួន, កញ្ឆាក្រៀម១ស្បោង, បំពង់ជក់១, សោ១ឈុតធំ និងម៉ូទ័រ៣គ្រឿង។

បច្ចុប្បន្ន ក្រុមជនសង្ស័យដែលជំនាញ លួច កាច់សោ “ក” ម៉ូតូ ទាំង៥នាក់ ត្រូវបានប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីយប់ថ្ងៃច័ន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print