ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចកំពុងស្វែងរកម្តាយទារកម្នាក់ ដែលបានសម្រាលកូនក្នុងបន្ទប់បង្គន់ រួចរត់ចោលបាត់កាលពីរសៀលថ្ងៃ សៅរ៍ ៥ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៨ នៅក្នុងរោងចក្រវីងស្ដាស៊ូ ស្ថិតតាមផ្លូវជាតិលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី គ្រាដែលរោងចក្រមួយនេះកំពុងរៀបចំកម្មវិធីចាប់រង្វាន់ជូនកម្មករ កម្មការិនី ។ មកដល់រសៀលថ្ងៃ ២១ ឧសភា ទៅហើយ សមត្ថកិច្ចនៅមិនទាន់រកឃើញម្តាយទារកនេះនៅឡើយទេ ។
ប្រភពពីកម្មកររោងចក្រខាងលើបានឲ្យដឹងថា ករណីម្តាយបង្កើតកូនចោលក្នុងបន្ទប់ទឹកជាប់បង្គន់ហើយគេចខ្លួនបាត់នេះ ត្រូវបានមន្ត្រីពាក់ព័ន្ធព្យាយាមលាក់បាំង មិនចង់ឱ្យបែកធ្លាយព័ត៌មាននេះចេញក្រៅជាពិសេសបានព្យាយាមបិទបាំងព័ត៌មាននេះ មិនឱ្យអ្នកសារព័ត៌មានដឹងឡើយ ដោយយកលេសថា ព្រោះខ្លាចអ្នកកុម្មង់ទិញទំនិញពីរោងចក្រនេះ ផ្អាកការបញ្ជាទិញ ។ ម្យ៉ាងទៀត ក៏ខ្លាចខាងអង្គការILO ចុះមកស៊ើបអង្កេតករណីនេះ ពីបទមិនគោរពតាមច្បាប់ការងារត្រង់ថា ស្ត្រីគ្រប់ខែឆ្លងទន្លេទៅហើយរោងចក្រមិនអនុញ្ញាតឲ្យសម្រាក គ្រប់គ្រាន់ មុនពេលសម្រាលកូន គឺជាការរំលោភលើសិទ្ធិស្រី្ត។
ក្រុមកម្មករបានឲ្យដឹងទៀតថា «មុនពេលមានការភ្ញាក់ផ្អើលពីករណីខាងលើ គឺខាងរោងចក្រមានកម្មវិធីចាប់រង្វាន់ផ្ដល់ជូនកម្មករដែលបម្រើការងារនៅក្នុងរោងចក្រនេះ ហើយសភាពមនុស្សច្រើនអ៊ូអរមិនអាចដឹងថា អ្នកណាជាម្តាយទារកអភ័ព្វនេះឡើយ បានទៅសម្ងំក្នុងបន្ទប់បង្គន់កើតកូនតែឯងរួចគេចខ្លួនបាត់។ ពេលនេះ ទាំងនគរបាលមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធ កំពុងស្វែងរកម្ដាយទារកខាងលើខ្វាត់ដៃខ្វាត់ជើង ។
យ៉ាងណាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវជាមួយខាងរដ្ឋបាលរោងចក្រតាមបញ្ជីឈ្មោះអ្នកពោះធំ និងបញ្ជីវត្តមានប្រចាំថ្ងៃខណៈទារកកម្សត់ត្រូវបានក្រុមគ្រូពេទ្យប្រចាំរោងចក្របញ្ជូនទៅកាន់មណ្ឌលសុខភាពត្រាំខ្នារដើម្បីសង្គ្រោះបន្ទាន់ ដែលរហូតមកដល់ពេលនេះ សុខភាពរបស់គេធម្មតាមិនប៉ះពាល់ដល់អាយុជីវិតនោះទេ និងគួរអោយសង្វែគ ៕
ដោយ៖ ប្រាថ្នា