ករណី​ចរាចរណ៍​ស្លាប់​ពីរ​នាក់​ប្តីប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ​នៅ​ស្រុក​ពញាឮ​ ព្រះ​រាជ​អាជ្ញា​ខេត្តកណ្តាល​ ឯកភាព​ឱ្យ​មនុស្ស​៤នាក់​ត្រឡប់​ទៅ​វិញ​, ក្រុមគ្រួសារទទូចរកយុត្តិធម៍

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​មហាជន​ប្រតិកម្ម​ខ្លាំង​ៗ​ ក្រោយ​លោក​លាវ​ ស្រេង​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ឯកភាព​អនុញ្ញាត​ឱ្យ​មនុស្ស​៤នាក់​ត្រឡប់​ទៅ​វិញ​ ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ស្លាប់​ប្តីប្រពន្ធ​ពីរ​នាក់​និង​កូន​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ស្រុក​ពញាឮ​ ។ 

ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ទិន​ សុចិត្រា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​ ។ ប៉ុន្តែ​នាយ​ផ្នែក​ចរាចរណ៍​ស្រុក​ពញាឮ​ បញ្ជាក់​ថា​ ការ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ​នេះ​ គឺ​ ការ​សម្រេច​របស់​ព្រះ​រាជ​អាជ្ញា​ ដោយ​សំអាង​ថា​ ម៉ូតូ​ជនរងគ្រោះ​ជា​អ្នក​ខុស​ ។ 

គ្រោះថ្នាក់ចរាចរដ៏​រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាលលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៦-៣៧។

សាច់ញាតិជនរងគ្រោះ បានទទូចស្នើសុំ​ឱ្យ​សមត្ថកិច្ច និងស្ថាប័នតុលាការ ធ្វើការស្រាវជ្រាវឡើងវិញ នូវ​សោកនាដកម្ម​មួយនេះ ដើម្បីឱ្យជនរងគ្រោះស្លាប់ទៅ ដោយ​ស្ងប់​ចិត្ត​

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ និងបានឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរនេះផ្ទាល់ភ្នែក បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះជាប្តី បានឌុបកូន និងប្រពន្ធដោយបើកយឺតៗ ធ្វើដំណើរខាងស្តាំដៃរបស់ខ្លួន ស្រាប់តែពេលនោះ ក៏មានម៉ូតូមួយគ្រឿង បើកដោយយុវជនម្នាក់ និងអ្នករួមដំណើរពីរនាក់ បើកឆ្លងផ្លូវពីជើងទៅត្បូងទៅរកស្តាំរបស់គាត់ ក៏បានប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យ​ដួលទាំងសងខាង។

ស្របពេលនោះក៏មានរថយន្តធំមួយគ្រឿង ធុនភ្លៅ៥ បើកបរមកក្នុងល្បឿនលឿន ពីក្រោយម៉ូតូជនរងគ្រោះ រួចក៏ជ្រុលទៅកិនជនរងគ្រោះទាំងបីនាក់ បណ្តាលឱ្យ​ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈកូនស្រីតូចម្នាក់ទៀត រងរបួសបែកប្រអប់ជើងខ្ទេច។ តែអ្វីដែលគួរឱ្យ​សង្វេគ​បំផុតនោះ គឺស្ត្រីជាប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ បណ្តាលឱ្យ​បែកពោះចេញទារកមកខាងក្រៅផ្ទៃស្លាប់ទាំងអស់គ្នាតែម្តងទៅ។

តាមការបំភ្លឺពីអ្នករស់នៅជិតកន្លែងកើតហេតុនោះ យុវជនដែលបើកម៉ូតូឆ្លងផ្លូវក៏ជាជនបង្ក ចំណែកអ្នកបើកបររថយន្តបើករថយន្តដឹកទំនិញធុនធំលឿនហួសល្បឿន ទៅកិនជនរងគ្រោះ ស្លាប់ ក៏ជាជនបង្កផងដែរ ។ ប៉ុន្តែសមត្ថកិច្ចបានឱ្យអ្នកទាំងនេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ មិនឃាត់ខ្លួនឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ដោយពួកគាត់បាននិយាយថា ការដោះលែងអ្នកបង្កទាំងនេះ ឲ្យមានសេរីភាពនោះ សង្ស័យមានពាក់ព័ន្ធលាភសការៈអ្វីមួយហើយមើលទៅ។

ក្រុមគ្រួសារសព បានបន្តថា ភ្លាមៗនោះ ពួកគាត់សួរនាំសមត្ថកិច្ចដែរ តែសមត្ថកិច្ចអះអាងថា វត្ថុតាងត្រូវយកទៅរក្សាទុក ចំណែកអ្នកបើកបរត្រូវបញ្ជូនចាត់ការទៅតាមផ្លូវច្បាប់ ប៉ុន្តែក្រោយមកទើបទទួលព័ត៌មានថា អ្នកបើកបរត្រូវបានគេដោះលែងហើយ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាលផងដែរ។ ចំណែកឯយុវជន៣នាក់ជាអ្នកបើកម៉ូតូបង្ក ក៏ត្រូវបានផ្តិតមេដៃឱ្យរួចខ្លួនដូចគ្នា។

ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ច ឬតុលាការមិនធ្វើការស្រាវជ្រាវម្តងទៀតឲ្យបានសមរម្យនោះទេ ពួកគាត់នឹងដាក់ពាក្យបណ្តឹងបន្តបន្ទាប់ ហើយនឹងដាក់ពាក្យបណ្តឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យអង្គភាពមួយនេះ ជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររងគ្រោះ។

ជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ 1CW-9392 បើកបរក្នុងទិសដៅពីកើតទៅលិចមានឈ្មោះ ធ្លក សុផល អាយុ៤៦ឆ្នាំ ទីលំនៅភូមិ ស្រែចិន្ដា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ ចាន់ សុខឃីម (ស្លាប់ទាំងកូនក្នុងផ្ទៃ) និងកូនស្រីម្នាក់រួមដំណើរ មិនទាន់ស្គាល់ឈ្មោះរងរបួសធ្ងន់ត្រូវបញ្ជូទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

អ្នកបើកម៉ូតូបង្កមានឈ្មោះ ឆួ ឆាងឈុន អាយុ១៧ឆ្នាំ ទីលំនៅភូមិកំពង់ចុះវា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយមានអ្នករួមដំណើ២នាក់ទី១៖ ឈ្មោះ ណែម សុខាវីត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិប្រក់ក្តា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី២ឈ្មោះ ប៉ាន កុសល អាយុ១៩ឆ្នាំ ទីលំនៅភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយឡែកអ្នកបើករថយន្ត Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-9354 ឈ្មោះ ព្រាប ធា អាយុ៣២ឆ្នាំ ទីលំនៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ 

លោក​ទឹម​ វុត្ថា​ នាយ​ផ្នែក​ចរាចរណ៍​ស្រុក​ពញាឮ​ បញ្ជាក់​ថា​ ទោះ​បី​មាន​ការ​ដោះលែង​ក៏​ដោយ​ តែ​សំណុំរឿង​បាន​បញ្ជូន​បន្ត​ទៅ​ថ្នាក់​លើ​ ដើម្បី​បន្ត​នីតិវិធី​ ៕ 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print