ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសក្បែរគល់.ក មួយកាំបិតយ៉ាងធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះត្រូវបានស្ត្រីជាប្រពន្ធចាក់មួយកាំបិតចិតបន្លែ ក្នុងជម្លោះពាក្យសំដីគ្នាកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចលើផ្ទះ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ។ ក្រោយពីមានហេតុការណ៍កើតឡើងក្រុមគ្រួសារជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ជាប្រពន្ធចាត់ការតាមច្បាប់ ។
អធិការនគរបាលស្រុកពញាឮលោកវរសេនីនីយ៍ទោ ដួង តេង បានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ថូ សឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកឯជនដៃដល់ជាប្រពន្ធឈ្មោះ យ៉ាត ស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករ ។ ទាំង២នាក់ប្តីប្រពន្ធនេះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ។
លោកវរសេនីនីយ៍ទោ ដួង តេង បានបន្តថា ប្តី-ប្រពន្ធខាងលើនេះឧស្សាហ៍ឈ្លោះប្រកែកគ្នាខ្លាំងណាស់ រហូតក្លាយទៅជាទម្លាប់ទៅហើយ ។ នៅមុនពេលកើតហេតុអ្នកជិតខាងបានឮសម្លេងប្តី-ប្រពន្ធខាងលើនេះឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តែមិនមានប្រជាពលរដ្ឋណាដើរមកមើលនោះទេ ។ ក្រោយពីសម្លេងឈ្លោះប្រកែកគ្នាបានស្ងប់ស្ងាត់មួយសន្ទុះប្រជាពលរដ្ឋជិតខាង បានដើរទៅអើតមើលនៅលើផ្ទះ២នាក់ប្តី-ប្រពន្ធខាងលើនេះ ។ គ្រានោះក៏បានប្រទះឃើញជនរងគ្រោះដេកដួលក្នុងថ្លុកឈាមលើកន្ទេលលើផ្ទះ ក៏ស្រែកឆោឡោឡើងហៅក្រុមគ្រួសារសាច់ញាតិដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យក្នុងរាជធានីភ្នំពេញ ។
លោកអធិការបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សាដែក ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅទីតាំងផ្ទះកើតហេតុឃាត់ខ្លួនជនដៃដល់ រួមជាមួយវត្ថុតាងកាំបិតចិតបន្លែ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ជនសង្ស័យបានរៀបរាបប្រាប់សមត្ថកិច្ចនគរបាលថា ខ្លួនមិនមានបំណងចាក់ប្រហារទៅលើបុរសជាប្តីនោះទេ ដោយសារតែបុរសជាប្តីចូលមកដណ្តើមកាំបិតពេលយប់ងងងឹតទើបបណ្តាលឲ្យជ្រុលដៃចាក់ត្រូវមួយកាំបិតតែម្តង ។ នៅរសៀលថ្ងៃទី១៣ ខែឆ្នាំដដែលនេះសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកពញាឮបានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ