ខេត្តកណ្ដាល ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ បានចុះជួបសួរសុខទុក្ខអ្នកជំងឺ និងចាស់ជរាចំនួន១៣នាក់ នៅភូមិលៀក ភូមិឈើនាង ភូមិគោកត្រប់ ភូមិក្បាលសេះ និងបានបញ្ជូនអ្នកជំងឺម្នាក់ដែលមានអាការៈធ្ងន់ធ្ងរ(មហារីកដុះសាច់កញ្ចឹងក)ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ។
អំណោយដែលយកទៅចែក ខណៈលោកចុះសួរសុខទុក្ខនាឱកាសនោះ ក្នុងម្នាក់ៗទទួលបានថ្នាំវីតាម៊ីន០៤បន្ទះ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារ៉ុង០១ ត្រីខកំប៉ុង០១ឡូ អំបិល០១គីឡូ ប៊ីចេង០១កញ្ចប់ និងថវិកា១០០.០០០រៀល ដែលចំណាយថវិកាសរុប ២.៦០០.០០០ រៀល។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ថា បើទោះបីជា អំណោយចែកជូននៅពេលនេះមានតិចតួចក្តី ក៏ប៉ុន្តែក៏អាចជួយសម្រួលទុក្ខលំបាក របស់ពុកម៉ែបងប្អូនបានមួយគ្រាជាពិសេស សូមឱពុកម៉ែ បងប្អូនទាំងអស់ ត្រូវទៅពិនិត្យ
សុខភាព និងទទួលថ្នាំបង្ការជំងឺនានា នៅតាមមណ្ឌល សុខភាពដែលនៅក្បែរផ្ទះឲ្យបានទៀងទាត់ ។
ក្រោយជួបសួរសុខទុក្ខ លោកម៉ម ប៊ុននាង បានចុះត្រួតពិនិត្យផ្លូវកំពុងសាងសង់ថ្មីមួយខ្សែរដែលមានទទឹង ១១ម៉ែត្រ និងបណ្តោយប្រវែង៤៨០០ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន០៣គឺ ឃុំព្រែករកា ឃុំទ្រា និងឃុំគោកត្រប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ នគរដ្រេហ្គន