មេធាវីម្នាក់ ចេះច្បាប់ ប៉ុន្តែរំលោភយកដីផ្លូវសាធារណៈ យ៉ាងរំភើយ អាជ្ញាធរ ថា អត់ដឹង

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងភូមិរោងចក្រទី១ សង្កាត់គោឃ្លាង ខណ្ឌសែនសុខ បាននាំគ្នារិះគន់ អាជ្ញាធរ មូលដ្ឋានថា ប្រងើយកន្តើយ បើកដៃឲ្យមេធាវី ម្នាក់សាងសង់រោងរំលោភយក ផ្លូវសាធារណៈរបស់រដ្ឋ យ៉ាងរំភើយគ្មានអាជ្ញាធរណាហ៊ានក្អកនោះទេ។

យោងតាមប្រភពពីពលរដ្ឋរស់នៅក្បែរវីឡា លោកមេធាវី ដែលហ៊ានបំពានច្បាប់នោះ បានអះអាងថា សំណង់រំលោភយកផ្លូវសាធារណៈ របស់លោក មេធាវី សង់បានដោយរលូន យូរណាស់មកហើយ ដោយពុំមាន អាជ្ញាធរ មូលដ្ឋាន រួមមាន ភូមិ សង្កាត់ ឬខណ្ឌមកពិនិត្យ ហាមឃាត់នោះទេ បែរជាបណ្តែតបណ្តោយឲ្យ សំណង់បំពានច្បាប់នោះ សង់រួចរាល់រហូតដល់សព្វថ្ងៃ។

យោងតាមប្រភពថា ម្ចាស់ វីឡាខាងលើ ធ្វើការជាមេធាវី ប៉ុន្តែពួកគេមិនបានស្គាល់ឈ្មោះនោះទេ ដឹងតែអ្នកភូមិថា គេជាមេធាវី។

ពាក់ព័ន្ធបញ្ហាមេធាវី សង់រោងរំលោភយកផ្លូវសាធារណៈរបស់រដ្ឋ នេះ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឆ្លើយតបអ្នកសារព័ត៌មាន ដូចគ្នាថា នឹងចាត់មន្ត្រីឲ្យចុះទៅពិនិត្យ។

ពលរដ្ឋដែលរស់នៅមូលដ្ឋាន ដែលលោកមេធាវី រំលោភយកផ្លូវសាធារណៈ របស់រដ្ឋជាកម្មសិទ្ធ បានសំណូមពរ ឲ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានី ដែលមានលោក ឃួង ស្រេង ជាអភិបាល និងជាពិសេស សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន មេត្តា ចាត់វិធានការណ៍ផ្លូវច្បាប់ ឲ្យធ្ងន់ធ្ងរចំពោះបុគ្គល មេធាវី ដែល ចេះដឹងច្បាប់ បែរជាអង្គុយលើច្បាប់ រំលោភបំពានច្បាប់ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់រាជរដ្ឋាភិបាលបែបនេះ។

ពលរដ្ឋ ក៏បានអំពាវនាវឲ្យ គណៈមេធាវីកម្ពុជា មេត្តាពិនិត្យលើបញ្ហានេះផង ដើម្បីកុំឲ្យ មេធាវី ម្នាក់ធ្វើឲ្យខូចកិត្តយសដល់ស្ថាប័នមេធាវី និងកេរ្តិ៍ឈ្មោះមេធាវីដែលគេប្រព្រឹត្តតែអំពើត្រឹមត្រូវ។

បើយោងតាមមាត្រា ២៥៩ នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥លាន់ ទៅ៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ៥ឆ្នាំ។

មហាជនកំពុងរងចាំមើលចំណាត់ការផ្លូវច្បាប់របស់ អាជ្ញាធរខណ្ឌសែនសុខ ថាតើអាជ្ញាធរខណ្ឌមួយនេះ ហ៊ាន អនុវត្តច្បាប់ លើមេធាវី ដែលបំពានច្បាប់រូបនេះដែរឬទេ?

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print