ខេត្តកំពង់ចាម ៖ ក្រោយលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់វាយបោកបក់រួចមក អាជ្ញាធរខេត្តកំពង់ចាម ក្រោមការចាត់ចែងរបស់លោក ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់តាំង និងដឹកនាំផ្ទាល់កម្លាំងអន្តរាគមន៍សរុបចំនួន២០៤នាក់ ចុះទៅជួយរុះរើ ជួសជុល និងសាងសង់ផ្ទះ ជម្រកបណ្តោះអាសន្នជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ ។
លោក ឯម កុសល ស្នងការនគរបាលខេត្តបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ នៅឃុំ សណ្តែក៣៨៥ ខ្នង ធ្ងន់២០ខ្នង របួសមនុស្ស២នាក់ ភេទប្រុស និងធ្ងន់ម្នាក់ និងឃុំត្រប់១១១ខ្នង ធ្ងន់១១ខ្នង ។ លោកបានបញ្ជាក់ថា លោកបានចាត់តាំងកម្លាំងប្រចាំការការពារ ទាំងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ ជូនដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយទាំងអស់នោះ រហូតដល់ពួកគាត់មានជីវភាពរស់នៅដូចធម្មតាវិញ។
កិច្ចអន្តរាគមន៍ចុះជួយសម្រួលដល់ប្រជាពលរដ្ឋរួមមាន ៖ កម្លាំងអន្តរាគមន៍ខេត្ត៨០នាក់, ស្រុកបាធាយ៧៤ នាក់,ជើងព្រៃ៣០នាក់និងស្រុកព្រៃឈរ២០នាក់ ធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅឃុំសណ្តែក និងឃុំត្រប់ ស្រុកបាធាយ ៕ វណ្ណៈ