នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបការធ្វើជំនួញឆ្លងដែនសត្វព្រៃខុសច្បាប់ ជាង៧០០គីឡូក្រាម ឃាត់ខ្លួនអ្នកបើករថយន្តម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការបង្រ្កាបការធ្វើជំនួញសត្វព្រៃឆ្លងដែនខុសច្បាប់ប្រភេទ២ប្រភេទគឺសត្វអន្សងនិងសត្វអណ្តើកសរុប៧២១គីឡូក្រាមខណៈដែលឈ្មួញនាំចេញពីប្រទេសថៃចូលមកកម្ពុជាឆ្លងកាត់ច្រករបៀង ក្នុងភូមិសាស្រ្តឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនអ្នកបើករថយន្ត០១នាក់។បទល្មើសឆ្លងដែនសត្វព្រៃត្រូវបានប្រទេសទាំង១០នៃសមាជិកអាស៊ាន ចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់។

ការបង្រ្កាបកម្លាំងនគរបាលធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រថយន្តនិងសត្វព្រៃត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី២៨ ខែឧសភា សមត្ថកិច្ចនគរ បាល មន្រ្តីអង្គភាពជំនាញរដ្ឋបាលព្រៃឈើ ត្រួតពិនិត្យជាក់ស្តែង ដែលមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ និង ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ  ពិនិត្យឃើញសត្វអន្សងមានចំនួន៧០ក្បាល ស្មើនិងទម្ងន់៣៥១គីឡូក្រាម និងសត្វអណ្តើក៦១៨ក្បាលស្មើនិងទម្ងន់៤០៦គីឡូក្រាម។

ស្នងការរងទទួលផែនប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ បានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត តាមខ្លឹមសារនៃកិច្ចប្រជុំប្រចាំខែកន្លងទៅថ្មីៗបានជម្រុញឱ្យកម្លាំងនគរបាលការិយាល័យជំនាញត្រូវពង្រឹងនៃការចុះត្រួតពិនិត្យបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទដើម្បីចូលរួមនៃការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងការចូលរួមនៃការប្រមូលពន្ធចូលរដ្ឋតាមរយៈនៃវិធានការចំពោះក្រុមឈ្មួញរត់ពន្ធទំនិញតាមច្រករបៀងខុសច្បាប់ជាដើមនោះ។

លោកស្នងការរងបានឱ្យដឹងទៀតថា បើតាមចម្លើយសារភាពរបស់អ្នកបើករថយន្តមានឈ្មោះ សោម កែវ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឱ្យដឹងថារូបគេគ្រាន់តែស៊ីឈ្នួលបើករថយន្តដឹកសត្វព្រៃទាំងនោះឱ្យឈ្មោះ ជីម និងឈ្មោះ ភ័ណ នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ឈ្មួល ១ជើង១០ម៉ឺនរៀល ការដឹកសត្វព្រៃឆ្លងដែនមានរយៈពេល១ឆ្នាំមកហើយ។ដឹកចេញពីច្រករបៀងជិតវត្តឡងខង ,ច្រករបៀងអរប៉ នៅជិតវត្ត៩៣ និងច្រករបៀងជិតរោងវែង។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យជាក់ ស្តែងសត្វព្រៃទាំង២ ប្រភេទនោះហើយ សមត្ថកិច្ចនគរបាលក៏បានប្រគល់មន្រ្តីរដ្ឋបាលព្រៃឈើខេត្តដើម្បីយកចាត់ចែងប្រលែង ចោលកន្លែងមានសុវត្ថិភាព ចំណែកអ្នកបើករថយន្ត និងរថយន្តបំរើការដឹកជញ្ជូនបទល្មើស និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print