ខេត្តកណ្តាល៖ បុរស៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចេញល្បាតចាប់ខ្លួនបានកាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង បន្ទាប់ពីសមត្ថកិច្ចនគរបាលរកឃើញថា បុរសទាំង៣នាក់នេះមានលួចលាក់រក្សាទុកសារធាតុញៀនខុសច្បាប់ចំនួន១កញ្ចប់នៅជាប់ខ្លួន ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ ខា ស៊ូម៉េង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅក្នុងភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ទី២-ឈ្មោះ យន ឆានី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ មានទីលំនៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង និងទី៣-ឈ្មោះ ខុន កំសត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១A ខណៈកំពុងជិះម៉ូតូល្បាតតាមដងផ្លូវក៏បានប្រទះឃើញជនសង្ស័យទាំង៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ។ ភ្លាមៗនោះកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់សុំធ្វើការឆែកឆេរ រហូតរកឃើញមានវត្ថុតាងថ្នាំញៀនជាក់ស្តែង វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ