ខេត្តព្រះសីហនុ៖ ក្នុងស្មារតីលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅលើដែនកោះពូលូវ៉ៃ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមដំណើរដោយលោកនាយឧត្តមសេនីយ៍ អ៊ុង សំខាន់គណៈបញ្ជាការឯកភាព ទិសយោធភូមិភាគទី៣ បានដឹកនាំគណៈប្រតិភូមួយក្រុមចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយកអាវរងាទៅផ្តល់ជូនកងទ័ពដែលកំពុងឈរជើង នៅលើដែនកោះពូលូវ៉ៃ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីដែនគោក ។
លោកវរនាវីឯកម៉ម ម៉េត មេបញ្ជាការកងការពារកោះពូលូវ៉ៃលេខ៥ ជំនួសមុខឲ្យកងទ័ពឈរជោះងនៅឈើកោះទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយនិងមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់លោកនាយឧត្តមសេនីយ៍គន់ គីម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញចុះសាកសួរសុខទុក្ខព្រមទាំងបាននាំយកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោមកផ្តល់ជូនកងទ័ពនាពេលនេះ ។ លោកបានចាត់ទុកបេសកកម្មនេះជាកាយវិការដ៏ប្រពៃបំផុតនិង បង្ហាញឱ្យឃើញនូវស្មារតីយកចិត្តទុកដាក់ចំពោះកងទ័ពសមរភូមិមុខនិងស្មារតីស្នេហាជាតិមាតុភូមិ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារ ជាតិ និងអគ្គបញ្ជាការ ។ ទន្ទឹមគ្នានោះក៏ជាការលើកទឹកចិត្តដល់កងទ័ពឱ្យបង្កើនឆន្ទៈប្រយុទ្ធនិងមានស្មារតីស្នេហាជាតិ ខិតខំបំពេញភារកិច្ច ការពារបូរណភាពទឹកដីកោះឱ្យបានរឹងមាំថែមទៀត ។
លោកវរនាវីឯកមេបញ្ជាការកងទ័ពការពារកោះពូលូវ៉ៃ និងកោះតាងក៏បានសម្តែងនូវកតញ្ញូ តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលបានដឹកនាំកសាងអភិវឌ្ឍនិងការពារប្រទេសជាតិប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ហើយតែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយរាល់ការលំបាកនិងទំនុកបម្រុងថែបំប៉នផ្គត់ផ្គង់ទាំងស្មារតីសម្ភារថវិកា គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ពិសេសកងកម្លាំងការពារកោះពូលូវ៉ៃ និងបណ្តាកោះផ្សេងទៀត ។
លោកមេបញ្ជាការបន្តថា៖ផ្តើមពីការយកចិត្តទុកដាក់នេះ កងទ័ពទាំងអស់សូមប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់បម្រើការងារនិងគាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត ។
មានប្រសាសន៍នាឱកាសនោះលោកនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនប្រជាពលរដ្ឋនិងកងទ័ពដែលរស់នៅតំបន់ដែនកោះពូលូវ៉ៃ និងបណ្តាកោះទាំងអស់ដែលលោកទាំងពីរតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកងទ័ពនៅទូទាំងប្រទេស ។
ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ បានថ្លែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់លោកមេបញ្ជាការនិងកងទ័ពទាំងអស់ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងស្មារតីស្នេហាជាតិមាតុភូមិ ការពារដែនកោះ ការពារបូរណភាពទឹកដី ។ លោក គន់ គីម បានចាត់ទុកថាវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពប្រចាំការការពារដែនកោះពូលូវ៉ៃនិងកោះផ្សេងៗទៀតគឺជាគំរូ និង គួរឱ្យគោរពបំផុត ខណៈដែលកងទ័ពយើងស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាងដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា៖ ពូលូវ៉ៃប្រជុំទៅដោយកូនកោះ២ ស្ថិតនៅក្បែរគ្នា ដែលគេឲ្យ ឈ្មោះថា កោះយាយ និងកោះតា មានចម្ងាយប្រមាណ១០៨គីឡូម៉ែត្រ ពីខេត្ត ព្រះសីហនុ។ មកដល់បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ធ្វើឲ្យ កោះមានការរីកចម្រើនមានទាំងអគ្គីសនី អាគារស្នាក់នៅ ប្រភពទឹកសាបប្រើ ប្រាស់គ្រប់រដូវដែលជាអំណោយផលដល់កងទ័ពនៅលើកោះបានដាំដំណាំគ្រប់មុខសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕
ដោយ៖ ឆ្លាមសមុទ្រ