ប៉ូលិសភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥បានថ្លែងថា គ្រាប់បែកមួយគ្រាប់បានបំផ្ទុះឡើងនៅក្នុងភូមិមួយ ទីតាំងដែលកំពុងត្រួតពិនិត្យសន្តិសុខ ភាគខាងត្បូងប្រទេសថៃបណ្តាលឲ្យមនុស្ស៤នាក់បាត់បង់ជីវិត ។ នេះជាការវាយប្រហារថ្មីបំផុតកើតឡើងនៅតំបន់ដែលសម្បូរដោយក្រុមឧទ្ទាមរស់នៅភាគច្រើននោះ ។
ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងកាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ស្ថិតនៅក្នុងស្រុក Khok Pho ខេត្តប៉ាតានី ជាខេត្តមួយក្នុងចំណោម៣ខេត្តដែលក្រុមអ្នកកាន់សាសនាមូស្លីមរស់នៅច្រើនជាងគេបំផុត និងជាខេត្តភាគខាងត្បូងថៃដែលក្រុមឧទ្ទាមតែងតែវាយប្រហារដើម្បីស្វែងរកសិទ្ធិគ្រប់គ្រងតំបន់ស្វយ័តនៅក្នុងតំបន់នោះ ។
មេបញ្ជាការប៉ូលិសក្នុងតំបន់លោក Tanongsak Wansupha បានថ្លែងថា គ្រាប់បែកនោះ ក្រុមឧទ្ទាមជាអ្នកធ្វើឡើង និងបញ្ជាឲ្យផ្ទុះ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការវាយប្រហារក្នុងតំបន់ដែលកើតឡើងញឹកញាប់នោះ គ្មានក្រុមណាមួយចេញមុខប្រកាសទទួលស្គាល់នោះឡើយ ។
លោកបញ្ជាក់ថា ជនល្មើសបានដាក់គ្រាប់បែកនៅក្រោមកៅអីមួយ នៅឯទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខបណ្តាលឲ្យផ្ទុះស្លាប់មនុស្ស៤នាក់ ។ សកម្មភាពវាយប្រហារនេះ កកូរកកាយស្ថានការណ៍ចលាចលនៅក្នុងតំបន់ ។
ចាប់តាំងពីឆ្នាំ២០០៤រៀងរហូតមក មនុស្សជាង៦៥០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សារាលដាលនៅក្នុងខេត្តយ៉ាឡា ប៉ាតានី និងខេត្តណារ៉ាធីវាត់ ។ ខេត្តទាំង៣របស់ថៃនេះមានព្រំដែនជាប់ជាមួយប្រទេសម៉ាឡេស៊ី ។
ប្រទេសថៃ ពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធ ប៉ុន្តែនៅតំបន់ភាគខាងត្បូងថៃនោះ ជនមូស្លីមរស់នៅភាគច្រើន ហើយតែងតែប្រឆាំងគ្នាជាមួយអ្នកកាន់សាសនាព្រះពុទ្ធដែលបង្កឲ្យមានហិង្សាអូសបន្លាយពេលវេលារាប់ទសវត្សរិ៍ ។
ក្រោយឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធានៅថៃឆ្នាំ២០១៤ គេបានប្តេជ្ញាការពារសន្តិភាព ក៏ដូចជាធ្វើឲ្យតំបន់ភាគខាងត្បូងនោះមានសុខសន្តិភាពផងដែរ ។
រដ្ឋាភិបាលបានទាក់ទងជាមួយមេដឹកនាំក្រុមឧទ្ទាមមួយចំនួន ប៉ុន្តែការពិភាក្សាដើម្បីសន្តិភាពរវាងរដ្ឋាភិបាលថៃ នឹងក្រុមឧទ្ទាមនោះ ដែលម៉ាឡេស៊ីធ្វើជាអ្នកសម្របសម្រួលនោះ មិនអាចទម្លុះទម្លាយរកផ្លូវចេញរួចបានឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត