ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ជួបសួរសុខទុក្ខ និងនាំយកថវិកាក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ចំនួន ៣,០០០$ ជូនដល់ក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតលី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានជួបសួរសុខទុក្ខ និងនាំយកថវិកាក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ចំនួន ៣,០០០$ ជូនដល់ក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១២ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងផ្តល់អាហារូបករណ៍សិក្សា ១០០% ជូនដល់ក្មួយៗ ២នាក់ ដែលត្រូវជាប្អូនស្រីរបស់ក្មួយ បញ្ញា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨” ។

ការចុះជួបសំណេះសំណាលនេះធ្វើឡើងជាមួយ ក្រុមគ្រួសារ និងសួរសុខទុក្ខ ក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា សិស្សថ្នាក់ទី១២ នៃសាលា ប៊ែលធី អន្តរជាតិទី១២ (ផ្សារដីហុយ) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រហូតបាត់ការចងចាំ និងបានវះកាត់ប្តូរលលាដ៍ក្បាល ។

ដើម្បីជួយសម្រាលបន្ទុកក្នុងក្រុមគ្រួសារ ថ្ងៃនេះ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក៏បានប្រកាសផ្តល់អាហារូបករណ៍សិក្សា ១០០% ជូនដល់ក្មួយៗ ២នាក់ គឺក្មួយ ស៊ឹង សួនកន្និកា និងក្មួយ អូន ដាលីនសូរិយា ដែលត្រូវជាប្អូនស្រីរបស់ក្មួយ ពន្លឺបញ្ញា ឱ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងកម្រិតទី១២ (Level 12)។ លោកអគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានលើកទឹកចិត្ត ក្មួយស្រីទាំងពីរ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណ ក៏ដូចជាជួយមើលថែបងប្រុស ដើម្បីសម្រាលការងាររបស់លោកឪពុកអ្នកម្តាយ។

ជាមួយគ្នានេះដែរ លោក យក់ ចំរើនប្ញទិ្ធ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក៏បាននាំយកថរិកាសំណងចំនួន ៣,០០០$ (បីពាន់ដុល្លារសហរដ្ឋអាមេរិក) តាមកិច្ចព្រមព្រៀងរវាងសាលា ប៊ែលធី អន្តរជាតិ ជាមួយ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (លើកទី១ ចំនួន ៣០០$) ហើយ លោក ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០$ (ពីររយដុល្លារសហរដ្ឋអាមេរិក) បន្ថែមទៀត សរុបចំនួន ៣,៥០០$ (បីពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់ក្មួយ ពន្លឺបញ្ញា ផងដែរ។

ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានថ្លែងអំណរគុណចំពោះ លោកអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការបម្រើសេវាកម្ម ជូនដល់សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលសាលា បានទិញជូនប័ណ្ណធានារ៉ាប់រងនេះ ជាពិសេស លោក បានចំណាយពេលវេលាអញ្ជើញមកសួរសុខទុក្ខ ក៏ដូចជានាំយកថវិកា មកជូនដល់ក្មួយប្រុស ដោយផ្ទាល់នាពេលនេះ ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាការសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក៏សូមជូនពរឱ្យក្មួយប្រុស សុទ្ធ ពន្លឺបញ្ញា ឆាប់បានជាសះស្បើយពីជំងឺ និងមានការចងចាំឡើងវិញ ព្រមទាំង អាចបន្តការសិក្សា នាពេលខាងមុខ ៕  ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print