សិល្បករ និងផលិតករ នៅតែស្នើសុំរដ្ឋាភិបាលព្យួរពន្ធលើវិស័យភាពយន្តរយៈពេល១០សិន

ចែករំលែក៖

 ភ្នំពេញ៖ គម្រោងនៃការប្រមូលពន្ធពីគ្រប់ផ្នែកនៃវិស័យភាពយន្ត នៅតែក្លាយជាប្រធានបទរសើបមួយសម្រាប់សិល្បករ ផលិតករលើកយកមកជជែក ស្របពេលដែលផលិតកម្មខ្លះសម្រេចចិត្តផ្អាក និងបិទផលិតកម្មព្រោះតែបារម្ភនឹងការប្រឈមបង់ពន្ធគ្រប់ផ្នែកនោះ។ ទាំងសិល្បករ និងផលិតករនៅតែបន្តស្នើសុំទៅកាន់រដ្ឋាភិបាលឲ្យព្យួរការយកពន្ធពីវិស័យនេះប្រមាណ១០ឆ្នាំសិន។

ថ្លែង​ក្នុង​ពិធីសម្ពោធ​ស្នាដៃ​ខ្នាត​ធំ​របស់​ខ្លួន​លោក លៀក លីដា ផលិតករនិងជាចាងហ្វាង​ផលិតកម្ម LD Picture លើក​ឡើងថាលោក​នៅតែ​ទទូច​ឱ្យរាជរដ្ឋាភបាល​ព្យួរពន្ធ រយៈ​ពេល១០ឆ្នាំ ដើម្បីឱ្យ​ផលិតករ​អាច​នឹងដៃ​រឹង​ជើង និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតភាពយន្តមានគុណភាពខ្ពស់ចេញទៅលក់នៅទីផ្សារបរទេស ខណៈដែលភាពយន្តបច្ចុប្បន្នមានទីផ្សារក្នុងស្រុកប៉ុណ្ណោះ។លោកបញ្ជាក់ថា​នេះ​មិនមែន​ពួក​យើង​ជាផលិត​ករចង់​គេចវេស​មិនបង់​ពន្ធទេ គឺបង់តែចង់​ថាអាច ពន្យា​ពេល ១០ ព្រោះ​យើង​ឃើញ​ស្រាប់​វិស័យ​ភាពយន្ត​ យើងទើប​ងើប​ខ្លាំង​ឡើង​វិញ​មួយ​រយៈ​នេះ។​

ផលិតករ​ល្បី​ឈ្មោះរូបនេះ​បន្តថា ប្រសិន​បើ​រាជរដ្ឋាបា​ល​អាចព្យួរ​ពន្ធ​រយៈ​ពេល ១០ឆ្នាំ​តាមការ​ចង់​បាន​របស់​ផលិតករ​ពិត​មែន​នោះ អាចនឹង​ជួយ​បានច្រើន​ចំពោះ​ផលិត​ករនានា ជាពិសេស​វិស័យភាពយន្ត​ខ្មែរ​តែម្ដង ដែលធ្វើ​ឱ្យពួក​គេមាន​កម្លាំង​ចិត្ត​ អាច​ផលិត​ភាពយន្ត​ប្រកប​ដោយ​គុណភាព​ មិនចាញ់​បរទេស​នោះ​ទេ។ មិនត្រឹង​តែ​ជួយ​ផលិត​ករ និងភាព​យន្ត​ខ្មែរ តារាៗ​ក្នុង​វិស័យនេះ​ ក៏សប្បាយ​រីករាយផង​ដែរ បើមាន​ការលើក​លែង​បែប​នេះ​មែន។

ថ្លែងស្រដៀងគ្នានេះដែរតារាសម្ដែង និងជាអ្នកដឹក​នាំ​រឿង​នាយ ពាក់មី កាលៈ​ទេសៈ​បច្ចុប្បន្ន​ប្រសិន​បើ​រដ្ឋាភិបាល បង្ខំ​ឱ្យផលិតករ​ត្រូវតែ​បង់​ពន្ធ​ដាច់​ខាត​នោះ នឹងធ្វើឱ្យ​អ្នក​ផលិត​ភាពយន្ត​នានា មិន​អាច​រត់រួច ព្រោះតែ​ការចំណាយ​ច្រើន ហើយ​ចំណូល​ទទួល​បានមកវិញ មិនបាន​តាមអ្វី​ដែល​ពួក​គេចង់​បាន។ខ្ញុំនិយាយ​ដោយ​ស្មោះ​បើអាច​គួរតែ​ព្យួរពន្ធ​ហ្នឹង ១០ឆ្នាំ​សិនដើម្បី​យើង​ជាអ្នក​ដើរ​លើ​វិស័យនេះ អាចបន្ត​ផលិត​ភាព​យន្តត​ទៅទៀត​បាន។ បងប្អូន​យើ​ងឃើញ​ស្រាប់​ហើយ ផលិត​ករភាគ​ច្រើន​ផលិត​រឿង​មួយ ត្រូវចំណាយ​លុយ​ច្រើន​ណាស់ ឯអ្នក​ចូល​ទស្សនា​វិញ មិនមាន​ចំនួន​ច្រើន​ទេ​គឹខាត​​ស្ទើត​តែគ្រប់​រឿង។ អីចឹង​ហើយ​បើរដ្ឋ​គាត់​បង្ខំរឿង​យក​ពន្ធនេះទៀត នឹងរឹត​​បន្ថែម​លើ​អ្នក​ផលិត​ហ្នឹង​ហើយ

តារាកំប្លែងល្បីឈ្មោះរូបនេះ​បន្តថា ការព្យួរ​ពន្ធរយៈ​ពេល ១០ឆ្នាំ​នឹង​ធ្វើឱ្យ​អ្នកពាក់​ព័ន្ធ​នានា​កាន់តែ​ច្រើន ងាកមក​​ផលិត​ភាពយន្ត​កាន់តែ​ច្រើន​ថែម​ទៀត។ ក្នុង​នោះ​ពិតណាស់​ថា​វិស័យ​ភាពយន្តខ្មែរ​នឹង​បន្ត​រីក​ចម្រើន​ទៅមុខ ដោយ​មានការ​ប្រកួត​ប្រជែង​គុណភាព​ខ្លាំង​ឡើងៗ។ពាក់ព័ន្ធ​នឹងការស្នើរ​ព្យួរ​ពន្ធរយៈ​ពេល ១០ឆ្នាំ​ពីសំណាក់​ផលិតករ និង​តារានានារដ្ឋ​មន្ត្រី​ក្រសួង វប្បធម៌ និងវិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សកុណា ធ្លាប់​មាន​ប្រសាសន៍  ថា​ ក្រសួង​បាន​ដាក់​សំណើរ​នេះ​ទៅកាន់​រាជរដ្ឋា​ភិបាល​រួចហើយ។ ក៏​ប៉ុន្តែការសម្រេច ឬយ៉ាងណា​នៅមិន​ទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះមិនទាន់​មាន​សេចក្ដី​សម្រេច​ពីប្រមុខ​ថ្នាក់​ដឹក​នាំ។

គួរបញ្ជាក់ដែរថាកាលពីពេលថ្មី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​ចេញសេចក្ដី​ប្រកាស​តម្រូវ​ឱ្យផ​លិត​កម្ម គ្រប់ស្ថាប័ន​ត្រូវតែ​បង់​ពន្ធចូល​រដ្ឋ​បាន​ការ​កំណត់។ ក្នុងនោះ​មិនត្រឹម​តែ​ផលិតករ​ទេជាប់​កតព្វកិច្ច​បង់ពន្ធ សូម្បីតារា អ្នកកាមេរ៉ាមែន និងអ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុងវិស័យ​ភាពយន្ត​គឺសុទ្ធតែ​ត្រូវ​បង់​ពន្ធចាប់​ពី​ឆ្នាំ២០១៨​នេះតទៅ៕

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print