ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿង យ៉ាងលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចជាច្រើនកង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខនឹងជ្រុះកាងរថយន្តខាងក្រោយ ហើយហេតុការណ៍នេះដែរ គឺមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងការពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកហុងដា FIT ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-1468 បើកបរក្នុងទិសដៅពីជើងទៅត្បូង បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកទ្រូងផ្លូវខ្ទាតចេញពីគ្នាអស់២កង់ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកក្បាលនាគ២កង់ទៀត បណ្តាលឲ្យវៀចបន្ថែមទៀត។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ខាងក្រោយធ្លាក់កាង បន្ទាប់ពីកើតហេតុអ្នកបើករថយន្តបង្កបានហៅមិត្តភ័ក្រ្តជាច្រើននាក់មកដល់កន្លែងកើតហេតុ រកហៅរថយន្តស្ទូចមកស្ទូចយកទៅហើយ តែសមត្ថកិច្ចឃាត់ ក៏សំឡុតសមត្ថកិច្ចវិញទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធី៕ជ្រោយពេជ្រ