កងកម្លាំងសន្តិសុខប្រទេសទួរគីបានវាយប្រហារសម្លាប់ក្រុមខ្មាន់កាំភ្លើងជនជាតិឃើដ១១នាក់ ក្នុងការប៉ះទង្គិចមួយកើតឡើងនៅក្បែរបន្ទាត់ព្រំដែនជាមួយស៊ីរី និងអ៊ីរ៉ាក់ ខណៈដែលកម្លាំងទាហានម្នាក់បានបាត់បង់ជីវិតដោយការបាញ់ប្រហារទីតាំងដោយឡែកមួយទៀតនៅភាគខាងត្បូងប្រទេសទួរគី ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរប្រទេសទួរគីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
អំពើហិង្សាបាននិងកំពុងផ្ទុះឡើងញឹកញាប់ ជាពិសេសស្ថិតនៅក្នុងតំបន់ដែលសម្បូរជនជាតិឃើដរស់នៅនោះតែម្តង ។ អំពើហិង្សានេះមិនធ្លាប់កើតមាននោះទេចាប់តាំងពីគណបក្សពលករជនជាតិឃើដ PKK បានចុះកិច្ចព្រមព្រៀងឈប់បាញ់ក្នុងខែកក្កដា ឆ្នាំ២០១២នោះមក ។ មនុស្សជាច្រើនរយនាក់ត្រូវគេជឿថា រស់នៅដោយមិនបានភាពសុខសាន្ត ក៏ដោយសារតែការអនុវត្តរបស់ទីក្រុង Ankara ។ ទីក្រុងAnkara បានចាប់មេដឹកនាំរបស់ពួកគេដាក់ពន្ធនាគារកាលពីចុងឆ្នាំ២០១៥ ។
ប្រធានាធិបតី Tayyip Erdogan បានប្តេជ្ញាថា នឹងប្រយុទ្ធប្រឆាំងទៅលើក្រុម PKK រហូតទាល់តែក្រុមឧទ្ទាមសាបសូន្យទៅអស់ ។
ក្រុមខ្មាន់កាំភ្លើង PKK ជាច្រើននាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការមួយអនុវត្តដោយកងកម្លាំងប្រទេសទួរគីនៅក្នុងតំបន់ Cizre និង Silopi ខេត្ត Sirnak កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិល័យរដ្ឋាភិបាល ។
ឆ្ពោះទៅឆ្ងាយភាគខាងជើងខេត្ត Van នោះវិញ កងកម្លាំងសន្តិសុខបានបើកការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយទទួលស៊ើបការណ៍ដំណឹងថា សមាជិកក្រុម PKK បានជួបជុំគ្នានៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងស្រុក Ercis ។ នេះបើតាមគេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធ ។ ប្រភពបញ្ជាក់ថា ទាហានម្នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួស ក្រោយពីការប៉ះប្រយុទ្ធគ្នានោះ ។ រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នានៅបន្តកើតមានដដែល ។
ក្រុម PKK បានក្រោកឡើងដៃកាន់អាវុធប្រឆាំងជាមួយរដ្ឋាភិបាលទួរគីក្នុងឆ្នាំ១៩៨៤ ។ សកម្មភាពនេះបណ្តាលឲ្យមនុស្សជាង៤០.០០០នាក់ ភាគច្រើនជាក្រុមជនជាតិឃើដ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានេះ ។ ទីក្រុងAnkara បានចាត់ទុកក្រុម PKK ថាជាក្រុមស្ថិតនៅក្នុងបញ្ជីក្រុមភេរវកម្ម ដូចគ្នាជាមួយអាមេរិក និងសហគមន៍អឺរ៉ុបផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត