អាជ្ញាធរខេត្តកំពង់ធំ​ជំរុញ​ឲ្យ​​ជំនាញ​បន្ត​បង្ក្រាប​បទល្មើស ​​និង​​ផ្សព្វផ្សាយ​ពី​លទ្ធផល​របស់​ខ្លួន​ដែល​​បាន​អនុវត្ត​

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ​អភិបាលខេត្ត​កំពង់ធំ ​បាន​​ជំរុញ​ដល់​​បណ្តា​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ​បន្ត​បង្ក្រាប​បទល្មើស ព្រៃឈើ ​និង​ជលផល​ រួមទាំង​បទល្មើស​ផ្សេងៗ​ ​នៅក្នុង​ខេត្ត ​និង​សូម​ឲ្យ​​មានការ​ផ្សព្វ​ផ្សាយ​ពី​លទ្ធផល​របស់ ​ខ្លួន​ដែល​​បាន​ អនុវត្តកន្លងមក​។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ​​​​មានប្រសាសន៍​ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ​ ​ព្រឹក​ថ្ងៃទី​៦ ​ខែមិថុនា ​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ​​ ​ ​ដោយមានការ​​ចូលរួម​ពី​សំណាក់ ​ប្រធាន​ អនុប្រធាន​ មន្ទីរ​អង្គភាព​ ជុំវិញ​ខេត្តកំពង់ធំ​ ​យ៉ាងច្រើនកុះករ​ផងដែរ​ ​។

ក្នុងឱកាសនោះ​ លោក សុខ លូ មានប្រសាសន៍​ផ្ដាំផ្ញើ ​ដល់មន្ត្រី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ​ទាំងអស់​​ត្រូវ​​យកចិត្តទុកដាក់ ពង្រឹង​នូវ​គុណភាព​ការងារ ​អនុវត្ត​ជាប្រចាំ ​ដើម្បី​ទប់ស្កាត់​ ការ​កើត​ឡើង​នូវ​បទល្មើស ​និង​ភាព​ មិន ប្រក្រតី​នូវ​ការ​ប្រកប​របរ​អ្នកធ្វើ​អាជីវ​កម្ម ​ផ្សេងៗ ​អោយ​ស្របតាម​វិជ្ជាជីវៈ ​និង​ស្របតាម​ច្បាប់ ​ដើម្បី​ចៀស​វាង ​ហេតុ​កើតឡើង​ទើប​ដឹង​តាម ​ក្រោយ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ ក៏បាន​សំណូមពរ ឲ្យ​តាម​ន្ទីរ​អង្គភាព ​ត្រូវ​ឆ្លើយតប​ ការ​ស្នើសុំ​របស់​អ្នកសារព័ត៌មាន ​ដើម្បី​ចៀសវាង​ អ្នកសារព័ត៌មាន​ ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ខុស​ពី​ការពិត ។

ជា​ការ​ឆ្លើយ​តប​​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ​លោក ប៉ែន វណ្ណ​រិ​ទ្ធ ​ ​បាន​មានប្រសាសន៍ថា ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ ​បាន​ខិតខំ​ប្រឹងប្រែង​ បង្ក្រាប បទល្មើស​នេសាទ ​និង​ហាម​មិន​ឲ្យ​​មន្ត្រី​ណា មានការ​ពាក់ព័ន្ធ ​និង​អំពើពុករលួយ​នោះទេ​ ។ ក្នុងនោះ​ ខណ្ឌ​រដ្ឋបាល​ជលផល ​និង​មានការ​យោគយល់ ចំពោះ​ប្រជាពលរដ្ឋ ​ដែល​មាន​ជីវភាព​ក្រីក្រ ​លំបាក ​និង​គ្មាន​មុខរបរ​អ្វី​ក្រៅពី​នេសាទ​ ដោយ ​មានការ​ណែនាំ​ ចង្អុលបង្ហាញ ​ អោយ​នេសាទ ​និង​ប្រើប្រាស់​ឧបករណ៍​ស្របតាម​ច្បាប់​។

សម្រាប់​ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ​ក៏ដូចខណ្ឌរដ្ឋបាលព្រៃឈើត្រូវ​បាន​មហាជន ​និង​អ្នក​ សារព័ត៌ មាន សរសេរ ​រិះគន់ ​ដើម្បី​ស្ថាបនា ​​ធ្វើ​ឲ្យ​​កិត្តិយស​ របស់​ខេត្ត ​មាន​ការ​ស្រុត​ចុះ​នោះ​ ​បាន​លើក​ឡើង​ថា​ ជា​ការ​ពិត ព្រៃឈើ ​នៅក្នុង​ព្រៃ​ឡង់ ​និង​ព្រៃ​អង់​តែ​ន ​ក្នុង​មួយរយៈ​កន្លង​មកនេះ ​មានការ​ថយចុះ ​ដោយ គួរ​អោយ​​កត់សម្គាល់ ​ដោយសារតែ ​មន្ត្រី​បរិស្ថាន ​ និងមេព្រៃ ការពារ​គោលដៅ ​បាន​យកចិត្តទុកដាក់ ការពារ ទប់ស្កាត់ ​និង ​មានការ​ចូលរួម ​ពី​សំណាក់​អង្គភាព​ពាក់ព័ន្ធ​ផងដែរ ​។

សូមបញ្ជាក់ថា ​បទ​ល្មើស​ព្រៃឈើ ​ដឹក​ចេញ​ពី​ដែន​​ព្រៃឡង់ ​និង​ព្រៃ​អង់តែន​ ​គឺ​​នៅ​តែ​មាន​សកម្មភាព​កើនឡើង ​ ក្នុង​ដំណាក់កាល​ចុងក្រោយនេះ ​ហើយដែន ​ព្រៃអង់តែន​ ​​​​​បច្ចុប្បន្ន ​គឺ​គ្រប់​គ្រង ​ដោយ​សមត្ថកិច្ច​បរិស្ថាន​ ដែល​សាធារណជន​រំពឹងថា ​ដែន​ព្រៃនេះ ​នឹង​រលាយអស់​ ក្នុង​ពេលខាងមុខដ៏ខ្លី ។

បើតាមប្រជាពលរដ្ឋអ្នកនេសាទនិយាយថា​បទល្មើសនេសាទនៅបឹងទន្លេសាបគ្មានការថម ថយនោះទេ ហើយបទល្មើសកើតឡើងដោយសារតែមន្ត្រីជំនាញបិទភ្នែកបើកដៃឃុបឃិតឲ្យ មានបទល្មើស ។ អ្នកនេសាទជនជាតិវៀតណាម ធ្វើសកម្មភាពពេញបឹងទន្លេសាប ។ មន្ត្រី ជលផលបង្ក្រាបតែពលរដ្ឋខ្មែរដែលនេសាទជាលក្ខណៈគ្រួសារមិនបង់ប្រាក់ឲ្យសមត្ថកិច្ច ជំនាញប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើឯណោះវិញ គឺមិនអាចប្រកែកបានឡើយ ពីព្រោះការដឹកជញ្ជូន ឈើតាមរថ​យន្តធំៗ ចេញពីខេត្តកំពង់ធំធ្លាយដល់រាជធានីភ្នំពេញក៏មាន ។ ដូច្នេះការបដិសេធ តែនៅក្នុងការិយា​ល័យ​និងលើបបូរមាត់មិនគ្រប់គ្រាន់សម្រាប់បង្ហាញជាទឡ្ហីករណ៍នោះទេ ។​មិនតែប៉ុណ្ណោះ បទល្មើសព្រៃឈើទោះ​បីជាអ្នកមានភ្នែកមិនល្អ ក៏មិនចាំបាច់ពាក់វែនតាក៏អាច មើលឃើញដែរ ។

អាជ្ញាធរខេត្តកំពង់ធំមិនគួរធ្វើជាមន្ត្រីជើងដប់នៅតែក្នុងការិយាល័យ ជឿតែរបាយការណ៍មន្ត្រី ជំនាញនោះទេ ។ ផ្ទុយទៅវិញត្រូវស្តាប់មតិពលរដ្ឋ និងការចុះដល់ទីកន្លែងកើតហេតុ ។ បើ ប្រជាពលរដ្ឋប្រាប់អ្នកកាសែត​ថា​មានបទល្មើស នេសាទឬបទល្មើសព្រៃឈើនៅទីណា គួរតែ  ចាត់មន្ត្រី ឬបើមានពេល លបទៅខ្លួនឯង ទើប​ដឹងការណ៍ពិត ។ ការណ៍ពិតមិនមែននៅលើ ក្រដាសនោះទេ ។ មន្ត្រីភាគច្រើន ដូចសម្តេចតេជោ បាននិទានជារឿយៗ អំពីមន្ត្រីគ្រាប់ល្ពៅ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print