ខេត្តមណ្ឌលគិរី ៖ អនាម័យ នាំមកនូវសុខភាព។ នេះជាពាក្យស្លោកមួយឃ្លាដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានដឹងឮស្ទើរគ្រប់ៗគ្នា។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ការិយាល័យបរិស្ថានក្រុងសែនមនោរម្យ សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរក្រុងសែនមនោរម្យ បានបំផុសចលនាប្រជាពលរដ្ឋស្ម័គ្រចិត្ត យុវជនសហភាពសហព័ន្ធកម្ពុជា មន្រ្តីឧទ្យានុរក្ស កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ បានដើររើស និងប្រមូលសំរាមតាមដងផ្លូវក្នុងក្រុងសែនមនោរម្យ ដោយបែងចែកជា៦ក្រុម ក្នុងនោះរួមមាន ៖
-ក្រុមទី១ ដើររើសនិងប្រមូលសំរាមចាប់ពីចំណុចរង្វង់មូលដៃប្រាំបី ទៅកាន់មន្ទីរទេសចរណ៍ខេត្ត រហូតដល់បរិវេណខាងក្រោយសាលាក្រុងសែនមនោរម្យ។
-ក្រុមទី២ ចាប់ពីចំណុចបរិវេណមន្ទីរកិច្ចការនារីខេត្ត រហូតដល់បរិវេណខាងមុខសាលាក្រុងសែនមនោរម្យ។
-ក្រុមទី៣ ចាប់ពីចំណុចស្ថានីយប្រេងឥន្ធនៈតេលាចុងតារាង រហូតដល់ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
-ក្រុមទី៤ ចាប់ពីចំណុចរង្វង់មូលគោព្រៃ រហូតដល់បរិវេណភោជនីយដ្ឋានប៊ូស្រា។
-ក្រុមទី៥ ចាប់ពីចំណុចរង្វង់មូលគោព្រៃ រហូតដល់ផ្លូវបំបែកដាក់ដាំ។
-ក្រុមទី៦ ចាប់ពីចំណុចសាលាសង្កាត់សុខដុម រហូតបរិវេណរង្វង់មូលគោព្រៃ។
លោកឡុង វិបុល អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យបានលើកឡើងពីគោលបំណងដែលនាំឲ្យមានការបំផុសចលនាដើរប្រមូលសំរាមនេះ គឺដើម្បីសោភ័ណភាព និងសុខភាពយើងទាំងអស់គ្នា។ លោកមានប្រសាសន៍ថា “ថ្ងៃនេះយើងដើររើសសំរាមទាំងអស់គ្នា ដើម្បីសម្អាតអនាម័យទីក្រុងរបស់យើង ហើយត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត ដើម្បីសោភ័ណភាពទីក្រុង និងសុខភាពសាធារណៈ”។
លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបំផុសចលនាមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានឲ្យចូលរួមជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ដើម្បីដើរប្រមូលសំរាមនាថ្ងៃនេះ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសុខភាព អនាម័យ និងសោភ័ណភាពទីក្រុង ខណៈការប្រមូលសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាមត្រូវបានខកខានជាង១សប្ដាហ៍មកហើយ ៗបានបណ្ដាលឲ្យមានក្លិនស្អុយ និងជ្រុះរប៉ាត់រប៉ាយពេញដងផ្លូវ។
ពេលដើរប្រមូលសំរាម លោកឡុង វិបុល អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ និងលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានណែនាំដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យយកចិត្តទុកដាក់ចំពោះបញ្ហាសំរាមដោយត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ ចៀសវាងសំរាមជ្រុះ និងប៉ើងទៅទីសាធារណៈ បណ្ដាលឲ្យបាត់សោភ័ណភាពទីក្រុង។
ការដើររើស និងប្រមូលសំរាមនេះ ត្រូវបានក្រុមការងារកត់សម្គាល់ឃើញថា ពុំមានការវេចខ្ចប់សំរាមក្នុងធុងសំរាមឡើយ ដែលមានដូចជា ដបទឹកសុទ្ធ កំប៉ុងទឹកក្រូច កំប៉ុងស្រាបៀរ ប្រអប់ស្នោដាក់អាហារ ថង់ផ្លាស្ទីក និងកាកសំណល់ចំណីអាហារជាដើម។ វិបត្តិសំរាម ក្រៅតែពីការបោះចោលសំរាមនៅនឹងកន្លែង ក៏មានដែរការបោះចោលសំរាមចេញពីយានជំនិះនៅតាមដងផ្លូវ។ អ្នកបោះចោលសំរាមខ្លះ គឺជាម្ចាស់រថយន្តដ៏ប្រណីត ឯអ្នកខ្លះទៀត គឺជាអ្នកធ្វើដំណើរតាមរថយន្តឈ្នួល។ ការបោះចោលសំរាមខ្លះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរដទៃទៀតដែលរួមដំណើរនៅលើដងផ្លូវជាមួយគ្នា ហើយពេលខ្លះទៀតក៏បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ផងក៏មាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បានចេញអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំ ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារ សុខភាពសាធារណៈ និងបរិស្ថាន ដោយមានគោលដៅដូចតទៅ ៖
-ពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
-ប្រគល់មុខងារលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឲ្យរដ្ឋបាលរាជធានី ក្រុង និងស្រុក និងធ្វើឲ្យប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនពីរដ្ឋបាលរាជធានី ទៅឲ្យរដ្ឋបាលខណ្ឌ។
-កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
-លើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ៕