ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែង និងចំនួន៣នាក់ ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការនៅហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥។
នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃពុធ ៨រោ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧.១៣៨ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើករថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7998 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុករថយន្តម៉ាក កាមរីបាឡែន ពណ៏ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A 1152 ពេញទំហឹងនៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យភាគ្គីខាងរថយន្ត កាមរីបាឡែន រងរបួសចំនួន ២នាក់ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួន។
ដោយឡែក៖ ប្រភពព័ត៌មាននានាពីកន្លែងកើតហេតុផ្សេងមួយទៀត នៅវេលាម៉ោង៤ និង៥០នាទីទាបភ្លឺ ថ្ងៃទី៧ ខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ ដោយគេអះអាងឃើញម៉ូតូសណ្ដោងរឺុម៉កដឹកត្រីមួយ ១គ្រឿង ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកគូថរថយន្តកុងតឺន័រ (មិនស្គាល់ម៉ាក)បណ្ដាលឲ្យម៉ូតូសណ្ដោងនោះឆេះយ៉ាងសន្ធោសន្ធៅ ចំណែកអ្នកបើកបរឈ្មោះ ចាន់ ធា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរឈ្មោះ សង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ត្រូវជាបងថ្លៃសាកសព)បានរងរបួសធ្ងន់ផងដែរ។
ប្រភពព័ត៌មានទាំងពីករណីខាងលើបន្តទៀតថា ចំពោះវត្ថុតាងរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ និងរថយន្តម៉ាក កាមរីបាឡែន បានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរ បាលរដ្ឋបាលអន្សាចំបក់ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ រីឯជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៏ ដោយឡែក៖ សាក សពអ្នកបើកបរម៉ូតូរឺុម៉កត្រូវបានបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ឯអ្នករួមដំណើររបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំពោះរថយន្តមិនស្គាល់ម៉ាកបើកគេចបាត់ស្រម៉ោល៕ ដោយ បឹុម ពិន