ក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតិឲ្យពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលផាយផេ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុនផាយផេ ដើម្បីផ្តល់នូវដំណោះស្រាយកាន់តែប្រសើរក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថលលើសេវា ។ កម្មវិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់នៃក្រសួង តំណាងក្រុមហ៊ុន និងភ្ញៀវជាតិអន្តរជាតិជាច្រើនចូលរួម ។

ក្រោមកិច្ចព្រមព្រៀងនេះក្រសួងសាធារណការ និងដឹកជញ្ជូន និងផាយផេ (Pi Pay) ធ្វើការរួមគ្នាដើម្បីផ្តល់នូវដំណោះស្រាយកាន់តែប្រសើរក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថលលើសេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនដូចជា៖ការចុះបញ្ជីយានយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តប្រលងយកបណ្ណបើកបរការដាក់ពាក្យសុំអជ្ញាបណ្ណអាជីវកម្មដឹកជញ្ជូនការទិញសំបុត្រកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ដែលកំពុងផ្ដល់សេវានៅលើដងទន្លេក្នុងរាជធានីភ្នំពេញ ។

លោកថូម៉ាសផូកូនីនាយកប្រតិបត្តិក្រុមហ៊ុនផាយផេបានថ្លែងថា៖ “យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការផ្តល់លទ្ធភាពក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលជាការបោះជំហានមួយយ៉ាងធំក្នុងការជំរុញឲ្យមានការប្រើប្រាស់នូវសេវាទូទាត់ប្រាក់ឌីជីថលនៅកម្ពុជា” ។

លោកបានបន្តទៀតថា៖ “មនុស្សជាច្រើនប្រហែលជាស្គាល់ក្រុមហ៊ុនយើងខ្ញុំតាមរយៈហាងម្ហូបអាហារ និងភេសជ្ជៈឬផ្សារទំនើប ដែលយើងបានកសាងបណ្ដាញដៃគូអាជីវករយ៉ាងច្រើនអស្ចារ្យរួចមកហើយ ក្នុងរយៈកាលជាងមួយឆ្នាំកន្លងមកនេះ ។ ភាពជាដៃគូជាមួយនឹងក្រសួង ដែលមានចក្ខុវិស័យវែងឆ្ងាយនឹងជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងងាកទៅគាំទ្រសេវាទូទាត់ឌីជីថលក្នុងការរស់នៅរបស់ខ្លួន ។ ការទូទាត់បែបនេះបាន និងកំពុងបន្តផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពហើយក៏ជួយលើកកម្ពស់ និងផ្តល់ការយល់ដឹងបន្ថែមផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ដែលកំពុងរស់នៅកម្ពុជាផងដែរ” ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងសុន្ទរកថារបស់ឯកឧត្តមថា៖ “តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ឌីជីថលនេះយើងសង្ឃឹមថានឹងបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈដោយលុបបំបាត់ការចំណាយក្រៅផ្លូវការ និងកាន់តែងាយស្រួលក្នុងការទទួលសេវាសាធារណៈ” ។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានកំណត់វិសាលភាពសម្រាប់ការអនុវត្តផ្តល់សេវាសាធារណៈទូទាំង២៥រាជធានី-ខេត្ត ។

គួរបញ្ជាក់ដែរថា កម្មវិធីផាយផេ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីខែមិថុនាឆ្នាំ២០១៧បានក្លាយជាម៉ាកយីហោក្នុងស្រុក ដែលគេស្គាល់ច្រើនតាមរយៈពាណិជ្ជសញ្ញាព៌ណផ្កាឈូកនៅតាមភោជនីយដ្ឋានហាងកាហ្វេហាងទំនិញ និងគ្រឹះស្ថានអាជីវកម្មដទៃទៀតរាប់ពាន់កន្លែង ។ ផាយផេក៏កំពុងកសាងបណ្ដាញភាពជាដៃគូផ្នែកធនាគារ ដែលផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋអាចផ្ទេរប្រាក់ពីកម្មវិធីផាយផេចូលទៅក្នុងគណនីធនាគាររបស់ខ្លួនឬក៏ផ្ទេរប្រាក់ចូលគណនីផាយផេពីគណនីធនាគារមកវិញផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print