ភ្នំពេញ ៖ ជនជាតិបរទេសប្រុសស្រីមួយក្រុម បានដើរតាមដងផ្លូវ ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច នៅវេលាម៉ោងប្រមាណជាង ១០ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវលេខ៥១ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ហើយភ្លាមៗនោះ ស្របពេលដែលសមត្ថកិច្ចកំពុងជិះល្បាតបានឃើញ ក៏ជិះម៉ូតូដេញតាមរហូតទៅដល់ផ្លូវលេខ២១៤ ក្នុងខណ្ឌដូនពេញ សមត្ថកិច្ចក៏បានធាក់ម៉ូតូជនសង្ស័យប្រដួល និងចាប់បានតែម្ដង ។
ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេស មានឈ្មោះ សៅ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបប កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិព្រះស្ដេច ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យឆក់កាបូបបានសម្រេច ជាស្ត្រីម្នាក់ ជនជាតិអាមេរិក ដើររួមជាក្រុមមានគ្នាប្រហែល៦ ទៅ៧នាក់ ។
បើតាមសម្ដីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងកេងកងទី១ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកបានជិះល្បាតក្នុងមូលដ្ឋានដូចសព្វដង ហើយពេលនេះស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A-3465 បានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ជាជនជាតិបរទេសដើរជាក្រុមនៅលើដងផ្លូវលេខ៥១ បានសម្រេច ។
សមត្ថកិច្ចបានប្រាប់បន្តថា ពេលដែលឃើញសមកម្មភាពករណីឆក់បែប ពួកគាត់មិនបង្អង់យូរ ក៏ជិះម៉ូតូដេញតាម តាំងពីខណ្ឌចំការមន រហូតទៅដល់ផ្លូវលេខ២១៤ក្នុងខណ្ឌដូនពេញ ក៏បានធាក់ម៉ូតូជនសង្ស័យឲ្យដួល ហើយធ្វើការឃាត់ខ្លួនបានតែម្ដង ។
ក្រោយមក សមត្ថកិច្ចបានាំខ្លួនជនសង្ស័យមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី១ ដើម្បីសាកសួរ និងកសាងសាណុំរឿង ចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹង និងទទួលយកកាបូបដែលត្រូវជនសង្ស័យឆក់ យកទៅវិញផងដែរ ៕ដោយ៖ ភារ៉ា ដង្កោ