ភ្នំពេញ ៖ សំណង់ផ្ទះវីឡាធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វាប្រើវិធានការណ៍រដ្ឋាបាលចុះរុះរើដកហូតសំភារៈ ដោយអះអាងថា ជាសំណង់អត់ច្បាប់ និងសង់រំលោភដីគម្រោងផ្លូវ១០០ម៉ែត្រពីអ័ក្សផ្លូវជាតិ លេខ៦ របស់ទីក្រុងរណបជ្រោយចង្វា បន្ទាប់ពីជូនដំណឹងនិងចុះហាមឃាត់ជាច្រើនដងមិនស្តាប់ ។
ប្រតិបត្តិការចុះរុះរើសំណង់នេះធ្វើឡើងនៅម៉ោងជាង១០ព្រឹកថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៨ ដោយអាជ្ញាធរបានប្រើកម្លាំងសណ្តាប់ធ្នាប់និងសមត្ថកិច្ចប្រមាណជាង២០នាក់រើអីវ៉ាន់និងរបស់របរមួយចំនួនដាក់រថយន្តដឹកយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌជ្រោយចង្វារ។
សំណង់ដែលអាជ្ញាធរប្រើកម្លាំងរុះរើនោះមានទំហំ១៧.៦ម៉ែត្រ គុណ១៨ម៉ែត្រប្រក់ស័ង្កសី ដែលគេស្គាល់ថាម្ចាស់ឈ្មោះអុឹង ជុងកេង ជាមន្ត្រីដ៏មានអំណាចម្នាក់ ។
តាមអាជ្ញាធរខណ្ឌជ្រោយចង្វាបានអោយដឹងថា ការរុះរើសំណង់នេះធ្វើឡើងតាមលិខិតជូនដំណឹង របស់សាលាខណ្ឌជ្រោយចង្វា លេខ៤២៥/១៨ ស ជ ណចុះថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៨និងតាមការចុះធ្វើកំណត់ហេតុផ្អាកការសាងសង់កាលពីពេលថ្មីៗនេះរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ ។តាមអាជ្ញាធរអោយដឹងទៀតថា កន្លងមកអាជ្ញាធរបានអាជ្ញាធរធ្វើការសម្របសម្រួលឱ្យផ្អាកការសាងសង់នៅលើដីនេះព្រោះដីនេះជាដី គម្រោងផ្លូវមួយខ្សែទៀតស្របផ្លូវជាតិលេខ៦ដែលមានបច្ចុប្បន្ន ព្រមទាំងចេញសេចក្កីជួនដំណឹងអោយម្ចាស់រុះរើដោយខ្លួនឯងចំនួន១លើកមកហើយតែម្ចាស់មិនស្តាប់តាមការណែនាំ រុះរើដោយខ្លួនឯងនោះទេ ដោយបន្តសាងសង់ដដែលទើបអាជ្ញាធរប្រើកម្លាំងចុះមករុះរើតែម្តង។
អាជ្ញាធរបញ្ជាក់ទៀតថា លោកអុឹង ជុងកេងដែលជាម្ចាស់សំណង់នេះកាលពីឆ្នាំ២០១៧ក៏បានសាងសង់ឃ្លាំងមួយក្បែរគ្នានោះហើយក៏ប៉ះពាល់ដីគម្រោងផ្លូវ១០០ម៉ែត្រនោះដែរហើយអាជ្ញាធរហាមឃាត់មិនស្តាប់ដូចគ្នា ស្រាប់តែកាលពីពេលថ្មីៗនេះឃ្លាំងនោះស្ងាត់ៗបានលួចសាងសង់បន្ថែមទៀត ដោយមិនខ្លាចក្រែងអាជ្ញាធរឡើយ ៕ជ្រោយពេជ្រ