ចោរសម័យទំនើបជិះរថយន្តមកលួចគោប្រជាពលរដ្ឋនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យប្រុសស្រី២នាក់បើករថយន្តមកធ្វើសកម្មភាពលួចសត្វគោរបស់ពលរដ្ឋដែលចងចោលនៅវាលស្រែចំនួន២ក្បាល ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន នៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្ភស្នួល ខេត្តកណ្តាល  ។
មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ ហេង ចាំ  ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ២-ឈ្មោះ រ៉េត ណាន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  ។ ជនសង្ស័យប្រុសស្រីខាងលើមានទីលំនៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ី អ៊ីច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយាន់ដាយ ពណ៌ស+បៃតង ពាក់ស្លាកលេខភ្នំពេញ2D-0484  ,សត្វគោ ០២ក្បាល សម្បុរស ញី១ក្បាលនិងឈ្មោល១ក្បាល និងកាំបិតផ្គាក់០១ ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់គោបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែឆ្នាំកើតហេតុខាងលើ ខ្លួនបានយកគោទៅចងឲ្យសុីស្មៅ នៅ
វាលស្រែខាងជើងភូមិ រួចក៏ដើរត្រឡប់ទៅផ្ទះវិញ ។ លុះមួយសន្ទុះក្រោយមកមានប្រជាពលរដ្ឋម្នាក់ឈ្មោះ សន សាន ភេទប្រុស អាយុ៣៩ឆ្នាំ បានដើរទៅមើលស្រែរបស់គាត់ ស្រាប់តែឃើញមានរថយន្តកូរ៉េ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដោយមានគ្នា២នាក់ប្រុុសស្រី ចុះពីលើរថយន្តរួចដឹកសត្វគោរបស់ជនរងគ្រោះនោះឡើងរថយន្ត ដោយមានការសង្ស័យក៏បានទូរស័ព្ទប្រាប់ទៅប្រធានភូមិនិងរាយការណ៍ទៅសមត្ថកិច្ច ទើបនាំគ្នាជួយស្ទាក់ឃាត់បានជនសង្ស័យនិងរថយន្តនៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួពិតជាធ្វើសកម្មភាពលួចដឹកសត្វគោ
០២ក្បាលខាងលើពិតប្រាកដមែន ដើម្បីយកទៅលក់ ហើយខ្លួនធ្លាប់បានធ្វើសកម្មភាពលួចគោនេះអស់រយះពេលជាងមួយឆ្នាំហើយ ដោយលួចបានចំនួន៧ដង ។
ក្រោយពីលួចបានរូបគេបានដឹកយកទៅលក់នៅប្រទេសវៀតណាមចំនួន៧លើក ។ ចំពោះករណីខាងលើនេះ នគរបាលកំពុងកសាងសំណុំរឿងចាត់ការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ៕ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print