កូនប្រុសបង្កើតចិត្តព្រៃផ្សៃទាញពូថៅកាប់ម្តាយមិនញញើតដៃ រហូតដល់ស្លាប់ និងកាប់ប្អូនប្រុសស្រីពីរនាក់ទៀតឱ្យរបួសធ្ងន់ខណៈពួកគេចូលជួយម្តាយ

ចែករំលែក៖

ខេត្តប៉ៃលិន៖​ កូនប្រុសបង្កើត ដោយសារតែគុំគួនជាមួយម្តាយក្នុងជម្លោះពាក្យសំដីកាលពី៣ថ្ងៃមុន បានទាញពូថៅកាប់ប្រហារម្តាយបង្កើតមិនញញើតដៃរហូតដល់ស្លាប់។  ខណះកូនតិរច្ឆាន កំពុងកាប់ម្តាយ ប្អូនប្រុសស្រី២នាក់បានចូលទៅជួយម្តាយ ក៏ត្រូវជនដៃដល់កាប់ឱ្យរបួសធ្ងន់ទាំង២នាក់ដែរ។ អំពើហិង្សាដ៏សាហាវព្រៃផ្សៃកូនបង្កើតកាប់សម្លាប់ម្តាយនេះ កើតឡើង​នៅវេលាម៉ោង ៦ និង១០នាទី ព្រឹកថ្ងៃទី១០​ មិថុនា​ ឆ្នាំ២០១៨នេះ​ ស្ថិតក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលា​ក្រៅ ខេរបស់ប៉ៃលិន។

លោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ។ ចំណែកជនរងគ្រោះទី១-​ឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ ជាម្តាយបង្កើតរបស់ជនសង្ស័យ ត្រូវជន​សង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ, ទី២-​ឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ ប្អូនបង្កើតរងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទី៣-​ឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ ប្អូនបង្កើត រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ។ ជនរងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។

លោកវរសេនីយ៍ត្រីបានបញ្ជាក់ប្រាប់ថា អំពើហិង្សាខាងលើនេះ​ ផ្តើមឡើងមកពីជនសង្ស័យត្រូវជាកូនបង្កើតមានទំនាស់ពាក្យសម្តីគ្នាជាមួយម្តាយខ្លួនឯងកាលពី៣ថ្ងៃមុន រួចមាន​ការគុំគួន រហូត​ដល់​ថ្ងៃកើតហេតុជនសង្ស័យបាន​​ប្រព្រឹត្តហិង្សាដោយចេតនាលើជនរងគ្រោះតែម្តង។

បច្ចុប្បន្នលោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងទៀតថា ជនសង្ស័យកំពុងសាកសួរកសាងសំណុំរឿងតាមនិតិវិច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print