កិច្ចប្រជុំកំពូល Trump-Kim: ប្រទេសកូរ៉េខាងជើងបង្កើតរបៀបវារៈរបស់ខ្លួន

ចែករំលែក៖

លោក គីម ជុងអ៊ុន នឹងពិភាក្សាគ្នាអំពីយន្តការរក្សាសន្តិភាព “ជាអចិន្រ្តៃយ៍” ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅពេលពួកគេជួបគ្នានៅថ្ងៃអង្គារនេះ ។

មេដឹកនាំទាំងពីរ បានអញ្ជើញដល់ប្រទេសសឹង្ហបុរីហើយកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមខ្លួនសម្រាប់ការជួបប្រជុំកំពូលជាប្រវត្តិសាស្ត្រដំបូងគេនេះ ។

លោកគីម ជុងអ៊ុន បានថ្លែងថា “ពិភពលោកទាំងមូលកំពុងតាមឃ្លាំមើល” ខណៈដែលលោក ដូណាល់ ត្រាំ បានថ្លែងថា លោកមានអារម្មណ៍ល្អអំពីកិច្ចប្រជុំកំពូលមួយនេះ ។

សហរដ្ឋអាមេរិកចង់ឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមិនទាន់ច្បាស់ថា តើក្រុងព្យុងយ៉ាង ចង់បានដូចអាមេរិកដែរ ឬយ៉ាងណាទេ ។

មេដឹកនាំទាំងពីរកំពុងស្នាក់នៅក្នុងសណ្ឋាគារដាច់ដោយឡែកមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ នៅក្នុងប្រទេសសិង្ហបុរី ។

លោក គីម ជុងអ៊ុន កំពុងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ប្រទេសសិង្ហបុរី ខណៈដែលលោក ដូណាល់ ត្រាំ ស្នាក់នៅចម្ងាយប្រហែលពាក់កណ្តាលម៉ាយ នៅឯសណ្ឋាគារ Shangri La ។

មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅលើកោះរមណីយដ្ឋានដ៏ល្បីល្បាញ Sentosa របស់ប្រទេសសិង្ហបុរី ។

សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីយន្តការរក្សាសន្តិភាពជាអចិន្ត្រៃយ៍ និងយូរអង្វែង នៅឧបទ្វីបកូរ៉េ “ការលុបបំបាត់អាវុធនុយក្លេអ៊ែរ” នៃឧបទ្វីបកូរ៉េ និងបញ្ហាដែលពាក់ព័ន្ធគ្នាទៅវិញទៅមក។ ភ្នាក់ងារនេះបន្តថា “សម័យផ្លាស់ប្តូរ” បានកើតឡើងហើយ ។

ប្រធានាធិបតីអាមេរិក បានធ្វើដំណើរតាមយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ ដោយដំណើរចេញមកពីប្រទេសកាណាដា ទីដែលលោកបានចូលរួមកិច្ចប្រជុំកំពូល G7 ទើបតែបានបញ្ចប់ទៅវិញ ។ នៅក្នុងកិច្ចប្រជុំនេះ មានផ្ទុះសង្រ្គាមពាក្យសម្តីអំពីពាណិជ្ជកម្មរវាងលោក ដូណាល់ ត្រាំ នឹងសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ ។

លោកដូណាល់ ត្រាំ ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពីរដ្ឋមន្រ្តីការបរទេសសឹង្ហបូរី Vivian Balakrishnan នៅពេលលោកប្រធានាធិបតីអាមេរិកបានឈានជើងចុះពីយន្តហោះដ៏ទំនើបនោះ ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានគ្រវីដៃដ៏ទន់ល្មើយទៅកាន់ហ្វូងមនុស្សទាំងឡាយ ខណៈដែលលោកបានអញ្ជើញមកដល់សណ្ឋាគារនៅក្នុងប្រទេសសិង្ហបុរី ។

លោកប្រធានាធិបតីអាមេរិកបានចិញ្ចឹមក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលមួយនេះ នឹងចាប់ផ្តើមដំណើរការ ដែលនៅទីបំផុត ឃើញលោក គីម ជុងអ៊ុន បោះបង់ចោលអាវុធនុយក្លេអ៊ែរ ។

លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមយន្តហោះ ដែលខ្ចីពីប្រទេសចិន រួមជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស លោក រី យ៉ុងហូ, រដ្ឋមន្ដ្រីក្រសួងការពារជាតិ No Kwang-chol និងប្អូនស្រីរបស់លោកគឺ លោកស្រី Kim Yo-jong ផងដែរ ។

លោក គីម ជុងអ៊ុន ត្រូវបានគេនាំទៅកាន់ទីកណ្តាលនៃទីក្រុងកាលពីថ្ងៃអាទិត្យ តាមរថយន្ត limousine Mercedes-Benz ដោយមានក្បួនរថយន្តជាង២០គ្រឿង។

លោកបានជួបជាមួយនាយករដ្ឋមន្ត្រីសឹង្ហបូរី លោក Lee Hsien Loong ដើម្បីអរគុណលោក ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ ដោយលោកគីម ជុងអ៊ុនបានបន្ថែមថា “ប្រសិនបើកិច្ចប្រជុំកំពូលនេះ ក្លាយជាជោគជ័យនោះ កិច្ចខិតខំប្រឹងប្រែងរបស់សឹង្ហបុរី នឹងធ្លាក់ចុះនៅក្នុងប្រវត្តិសាស្រ្ត” ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print