ប៉ោយប៉ែត ៖ ក្របីមួយរថយន្តយីឌុបស្មើរជាង៤០ក្បាលដឹកចេញពីបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅត្រូវមន្ត្រីគយចល័តធ្វើការឃាត់ទុកព្រោះចង់លោតឆត្រទាំងមិនទាន់មានឯកសាគ្រប់គ្រាន់ពីមន្ត្រីជំនាញ។ការឃាត់រថយន្តដឹកក្របីនេះធ្វើឡើងនៅលើដងផ្លូវជាតិលេខ5មុខទីតាំងគយចល័តនៅខាងលិចស្ពានទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណរសៀលម៉ោង៥និង២៤ ថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ។
ក្របីទាំងនេះដឹកតាមរថយន្តយីឌុបម៉ាកHINOចង្កូតឆ្វេងពាក់ស្លាកលេខស្វាយរៀង3A.0750។
ប្រភពពីមន្ត្រីជំនាញនិយាយថាក្របីទាំងនេះនាំចូលតាមរយៈក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវប៉ុន្តែមិនបានទៅបង់ពន្ធឆ្លងកាត់នៅការិយាល័យគយច្រកតំបន់បឹងត្រកួនឲ្យបានត្រឹមត្រូវទេ។បញ្ហាខាងលើនេះអ្នកសារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុននាំចូលសត្វក្របីពីថៃដែលសមត្ថកិច្ចជំនាញចាប់ខាងលើបានឡើយដោយមិនស្គាល់លេខទូរស័ព្ទ ។ ម្យ៉ាងនៅចំណុចកើតហេតុគេឃើញមានតែអ្នកបើកបររថយន្តដឹកក្របីនិងកម្មកររួមដំណើរហើយពេលសាកសួរពួកគាត់មិននិយាយស្តីដោយគ្រាន់តែប្រាប់ថាពួកគាត់ធ្វើការយកតែប្រាក់ខែមិនដែលដឹងថាសត្វក្របីទាំងនេះជារបស់ក្រុមហ៊ុនឈ្មោះអ្វីឡើយ។ពួកគាត់ថាសត្វក្របីទាំងនេះនិងដឹកទៅដល់ព្រំដែនកម្ពុជាវៀតណាមខេត្តស្វាយរៀង។
ជុំវិញករណីខាងលើនេះលោកឈួន សុធាសុវណ្ណារីប្រធានស្នាក់ការគយចល័តប្រចាំខេត្តបន្ទាយមានជ័យប្រាប់តាមទូរស័ព្ទថាចំពោះក្របីដែកក្រុមការងារបានស្ទាក់ទុកនោះបានដោះលែងហើយបន្ទាប់ពីម្ចាស់បំពេញឯកសារបង់ពន្ធឆ្លងកាត់។
លោកបញ្ជាក់ថានេះជាលើកទីមួយហើយដែលកម្លាំងលោកសហការជាមួយមន្ត្រីគយបឹងត្រកួន ឃាត់រថយន្តដឹកក្របីឲ្យបង់ពន្ធចូលរដ្ឋ។ ចំពោះរាល់ដងដែលក្រុមហ៊ុនដឹកក្របីក្រុមមន្ត្រីរបស់លោកមិនបានឃាត់ក៏ដោយក៏មន្ត្រីគយនៅតាមបណ្តាខេត្តតាមឃាត់ដើម្បីចូលបង់ពន្ធជូនរដ្ឋដែរ ៕ វណ្ណា