មន្ត្រីជំនាញពីរស្ថាប័ន ឆ្លើយខុសគ្នារឿងនាំជ្រូកពីថៃចូលតាមច្រកបឹងត្រកួន

ចែករំលែក៖

ប៉ោយប៉ែត ៖ មន្ត្រីជំនាញ២ស្ថាប័នដែលនៅប្រចាំតាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ គឺគយ និងកសិកម្ម ត្រូវបានក្រុមអាជីវករ និងប្រជាពលរដ្ឋចោទប្រកាន់ថា បានស៊ុមគ្រលុំគ្នាគៃបន្លំប្រាក់ពន្ធចំណូលរដ្ឋក្នុងការបិទបាំងតួលេខនៃការនាំចូលជ្រូកពីប្រទេសថៃរាប់រយក្បាលក្នុងមួយថ្ងៃៗ ។

ថ្មីៗនេះ មន្ត្រីជំនាញ២ស្ថាប័ន និងឈ្មួញជ្រូកនាំចូលពីថៃ តាមច្រកតំបន់បឹងត្រកួនបកស្រាយខុសគ្នា ខណ:ការនាំចូលនោះធ្វើឲ្យមានការសង្ស័យថា ជាករណីនាំចូលមិនប្រក្រតីដែលរថយន្តធុនធំរបស់ថៃ បានដឹកជ្រូកចូលមកកម្ពុជាលក់ឲ្យឈ្មួញខ្មែរនៅទីតាំងមួយកន្លែងនៅក្បែររង្វង់មូល ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលគេស្គាល់ថាមានស្ត្រីម្នាក់ជាម្ចាស់ឈ្មោះ សុខ លាង អាយុជាង ៣០ឆ្នាំ ។

ស្ត្រីរូបនេះ បានអះអាងថា គាត់ជាតំណាងក្រុមហ៊ុនអង្គរ សុខ សារឹទ្ធ នាំជ្រូកចូលពីប្រទេសជិតខាង ក្រុមហ៊ុនគាត់នាំចូលជ្រូកថ្ងៃទី១២ ខែមិថុនា មានចំនួន២៥០ក្បាល និងនាំយកទៅចែកចាយ នៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ។ អ្វីដែលមិនគួរឲ្យជឿនោះគឺ ជ្រូកលើរថយន្តទាំង៤គ្រឿង ត្រូវគេបង្ហើបឲ្យដឹងថា លើសពី២៥០ក្បាល គឺលើសពីតួលេខក្នុងរបាយការណ៍នាំចូលដែលត្រូវបង់ពន្ធ ។

ជួបសន្ទនាតាមទូរស័ព្ទលោក ហ៊ុយ ទូច ប្រធានការិយាល័យបុសុព្យាបាលខេត្ត បានប្រាប់ថា ការនាំជ្រូកចូលពីប្រទេសថៃ បច្ចុប្បន្នមាន៣ក្រុមហ៊ុន គឺមានក្រុមហ៊ុនមួយនាំចូលជ្រូកពូជ សម្រាប់ចែកចាយលក់ឲ្យអ្នកចិញ្ចឹមតាមបណ្តាខេត្តនានា គឺនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយក្រុមហ៊ុន ស៊ីភី(CP) ។

លោក ហ៊ុយ ទូច បន្តថា ជ្រូកកាប់សាច់នាំចូលតាមច្រកតំបន់បឹងត្រកួន មាន២ក្រុមហ៊ុនទៀត គឺក្រុមហ៊ុនអង្គរ សុខ សារឹទ្ធ និងក្រុមហ៊ុន ប៊ុត ចន្ធូ ។ លោកបន្តថា ក្រុមហ៊ុនទាំង២ខាងលើមានច្បាប់ត្រឹមត្រូវ ហើយមួយក្រុមហ៊ុនៗនាំចូលជ្រូកប្រមាណ១៥០ ទៅ២០០ក្បាល ឬលើសពីនេះ និងបានបញ្ជូនទៅដល់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។ ដោយឡែកច្រកតំបន់ម៉ាឡៃ មន្ត្រីខាងលើបញ្ជាក់ថា ពុំមានការនាំចូលជ្រូកនោះទេ ។

ករណីខាងលើលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់បឹងត្រកួន ប្រាប់តាមទូរស័ព្ទផ្ទុយពីលោក ហ៊ុយ ទូច ដោយនិយាយថា ជ្រូកនាំពីប្រទេសថៃតាមច្រកតំបន់បឹងត្រកួន មានតែ១ក្រុមហ៊ុនទេ គឺក្រុមហ៊ុន អង្គរ សុខសារឹទ្ធ ហើយថា ជ្រូកនាំចូលពីថៃនៅថ្ងៃនេះ(ថ្ងៃទី១២មិថុនា)មានចំនួន ៣០០ក្បាល ។

ដោយឡែក នៅពេលដែលអ្នកសារព័ត៌មានលើកជាសំណួរដោយយោងតាមប្រភពដែលថា ជ្រូកនាំចូលពីថៃតាមច្រកតំបន់បឹងត្រកួន ថ្ងៃនេះមានជាង៧០០ក្បាល បែរជាស្ត្រីខាងលើ ឆ្លើយតបតាមទូរស័ព្ទថា តាមពិតជ្រូកដឹកចូលពីថៃនេះ ក្នុងមួយរថយន្តតែ១០០ក្បាលទៅវិញ ហើយថាជ្រូកទាំង៤រថយន្តខាងលើ មិនមែនជាជ្រូកក្រុហ៊ុនគាត់តែមួយទេ គឺជ្រូកមួយចំនួនជារបស់ក្រុមហ៊ុនផ្សេង ប៉ុន្តែគេទៅសាង ឬលើកដាក់ជាមួយគ្នាលើទីតាំងតែមួយ ។

គួរជម្រាបថា កន្លងមក ករណីនាំសត្វជ្រូកថៃចូលមកកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃចំពោះមន្ត្រីជំនាញស្ថាប័នគយ និង មន្ត្រីបសុពេទ្យ ថាបានឃុបឃិតគ្នាបន្លំប្រាក់ពន្ធ យកលុយលម្អៀងពីការបន្លំពន្ធនោះ ចែកគ្នាដាក់ហោប៉ៅ ដោយមិនអើពើចំពោះការខិតខំប្រឹងប្រែងរបស់សាមីក្រសួង និងប្រមុខរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធអាករដើម្បីជាប្រយោជន៍អភិវឌ្ឍន៍សង្គមជាតិនោះឡើយ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print