មេឈ្មួញម៉ៅ សារ៉េត អាចដឹកឈើចេញពីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទបានដោយរលូន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ: ប្រជាពលរដ្ឋ​បាន​លើកឡើងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​កែច្នៃ​រួច​ជា​គ្រោងទ្វារ​បង្អួច​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង យ៉ាង​អនាធិបតេយ្យ​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​ ។

ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ។ ប្រសិនបើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ឃុបឃិត​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត មិនអាច​ដឹកជញ្ជូន​ឈើ​កែច្នៃ​ជា​គ្រោងទ្វារ​បង្អួច​ចេញពី​ទឹកដី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បានឡើយ​ ។

ថ្មីៗ​កន្លងទៅនេះ​គឺ​កាលពី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ មាន​រថយន្ត​ដឹកឈើ​គ្រោងទ្វារ​បង្អួច​របស់​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត ចំនួន​៤​គ្រឿង​ចាក​ចេញពី​ចំណុច​ផ្ទះ​របស់​ឈ្មួញ​រូបនេះ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ឆ្លងកាត់​ស្រុក​អន្លង់វែង ឆ្ពោះ​ទៅតាម​ខេត្តបន្ទាយមានជ័យ និង​បណ្ដា​ខេត្ត​ផ្សេងៗ​យ៉ាង​រលូន​ ។ លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​មន្ត្រីក្រោមឱវាទ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត ក៏ដូចជា​ឈ្មួញ​ដទៃទៀត​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង យ៉ាង​គគ្រឹកគគ្រេង​ ។ សូម្បីតែ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត និង​ឈ្មួញ​ដទៃទៀត​បន្តសកម្មភាព​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា មិនមែន​តែ​ឈ្មួញ​ឈ្មោះ ម៉ៅ សារ៉េត ទេ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​កែច្នៃ​រួច​ជា​គ្រោងទ្វារ​បង្អួច​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង យ៉ាង​គឃ្លើន​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​២​នាក់​ទៀត​គឺ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ ក៏​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​១ ប្រភេទ​លេខ​២ តាម​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ចេញពី​ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​ ។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​រិះគន់ថា លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​បានចាត់ទុក​ប​ទ​ល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​របស់ខ្លួន ហេតុនេះហើយ​ទើប​គេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង យ៉ាង​ពេញបន្ទុក​តែម្តង​៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print