ព្រៃសហគមន៍ជនជាតិដើមនៅស្រុកកោះញែក រងការបំផ្លាញដោយឈ្មួញជាមួយនឹងក្រុមហ៊ុនយូនីគ្រីន (Video Inside)

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គេបានឃើញទិដ្ឋភាពជាក់ស្តែងពីសកម្មភាពអារផ្តួលរំលំឈើ ដឹកជញ្ជូនឈើប្រភេទជាឡាំងធំៗ រាប់ពាន់កំណាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យកមកដាក់ជិតក្រុមហ៊ុនព្រៃសម្បទាន ក្នុងចេតនានាំទៅប្រទេសវៀតណាម តាមរូបភាពបន្លំ ជាមួយនឹងឈើមានអាជ្ញាប័ណ្ណ ប៉ុន្តែក្នុងនោះ គេបានរាយការណ៍មកថា បើឈើចាស់មានច្បាប់ត្រូវបង់ពន្ធ ត្រឹមចំនួន៥ភាគរយ គឺគេលួចដាក់ឈើដែលកាប់ថ្មីៗ ប្រមាណជា៩៥ភាគរយចូលនៅក្នុងក្រុមហ៊ុនមានច្បាប់នេះ បន្ទាប់ពីឈ្មួញ និងសមត្ថកិច្ចជំនាញ មានរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មខេត្ត អាជ្ញាធរនិងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ។

ក្រៅអំពីសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់បែបនេះ គេបានពើបប្រទះឃើញយ៉ាងជាក់ស្តែងថា សកម្មភាពអារផ្តួលរំលំឈើធំៗគ្រប់ប្រភេទ នៅក្នុងចំណុចភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាដីព្រៃសហគមន៍ជនជាតិដើម ត្រូវបានគេសម្រុកកាប់យ៉ាងគំហុក ដឹកជញ្ជូនជាឈើមូលថ្មីៗ តាមរថយន្តបាកុង ដូចហែកឋិន ។ ឈើទាំងនេះ ត្រូវបានគេដឹកជញ្ជូនយកមកដាក់នៅក្នុងក្រុមហ៊ុនយូនីគ្រីន ឬក្បែរក្រុមហ៊ុននេះ សុទ្ធតែជាអំពើឃុបឃិតគ្នា ពុករលួយលក្ខណៈប្រព័ន្ធ ហើយអាជ្ញាធរខេត្ត ក្នុងនាមជាសមាជិកគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានប្រជាជនជនជាតិភាគដើមរិះគន់ថា ខ្វះការទទួលខុសត្រូវ បើទោះជាច្បាប់ត្រូវបានរិតបន្តឹងពីរដ្ឋាភិបាលក៏ដោយ ។​

ចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើចេញពីតំបន់ព្រៃសហគមន៍ជនជាតិដើមភាគតិចស្ថិតក្នុងចំណុចភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៏ត្រូវបានគេទម្លាយថា យ៉ាងតិចមានឧកញ៉ា៣រូប បានពាក់ព័ន្ធ ទី១យកប្រាក់ពីឈ្មួញវៀតណាម ទី ពីរមានការ ឃុបឃិតគ្នាជាមួយរដ្ឋបាលព្រៃឈើក្បត់ទំនុកចិត្តខាងក្រសួងកសិកម្ម និងទីបី កេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋចូលកាប់បំផ្លាញព្រៃឈើ និងប្រើប្រាស់ដៃជើងរបស់ខ្លួនដឹកជញ្ជូនឈើមូលទាំងនោះមកក្រុមហ៊ុនយូនីគ្រីន ។

ប៉ុន្មានថ្ងៃនេះសកម្មភាពកាប់ឈើ និងដឹកឈើកាន់តែខ្លាំង ដោយឡែកសមត្ថកិច្ចដែលមានតួនាទីបង្ក្រាប បានសម្ងំយ៉ាងស្ងាត់ស្ងៀម គេពុំដឹងថា ពួកគាត់ខ្វះព័ត៌មាន ជុំវិញបទល្មើសនេះ ឬក៏កន្ទេលធំបន្លំដេក មានចេតនាទុច្ចរិត ទាញយកផលប្រយោជន៍ពីសកម្មភាពបំផ្លាញព្រៃឈើទាំងនោះឬមួយយ៉ាងណាទេ ។

កន្លងទៅរាល់សកម្មភាពទាំងនេះ លោកស្វាយ សំអៀង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី តែងមិនលើកទូរស័ព្ទ និងមិនឆ្លើយរាល់សកម្មភាព បើមានបទល្មើសព្រៃឈើហើយមានអ្នកសារព័ត៌មានសួរនាំ ។ ដោយឡែក លោក ឡោក សុខា ស្នងការនគរបាលខេត្តជានិច្ចកាលលោកតែងតែប្រាប់អ្នកសារព័ត៌មានថា ដាច់ខាតមិនឲ្យបទល្មើសឈើ ដឹកជញ្ជូន និងកាប់បំផ្លាញ ប៉ុន្តែការលើកឡើងរបស់លោកកាន់តែខ្លាំង សកម្មភាពបទល្មើសព្រៃឈើមានកាន់តែច្រើនទៅវិញ ៕ សុខ ខេមរា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print