ច្បាស់ហើយ ប៊ុត សីហា ត្រៀមចូលច្រៀងនៅផលិតកម្មថោនជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងចុងក្រោយ ដែលទទួលបានគឺបញ្ជាក់ហើយថាអតីតជ័យលាភីThe Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានចុះកិច្ចសន្យាជាផ្លូវការជាមួយផលិតកម្មថោនហើយក្រោយពីជ្រកក្រោមដំបូងហង្សមាសមួយរយៈពេលតែមិនមានសន្ទុះខ្លាំងនោះ ។

ផ្ទុះរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀនកន្លងមក បានធ្វើឲ្យលេចចេញរឿងរ៉ាវចម្រូងចម្រាសជាច្រើនរហូតហង្សមាសបញ្ចេញដំណឹងបញ្ចប់ការងារនៅផលិតកម្មនេះ ។ កន្លងមកក្រៅពីការមិនអាចប្រជែងទីផ្សារចម្រៀងបាន គឺបូករួមទាំងការលេចលឺថាតារារូបនេះបានដាក់ខ្លួនច្រៀងក្នុងកម្មវិធីមង្គលការសាមញ្ញៗនោះ កាន់តែធ្វើឲ្យតារារូបនេះស្ងប់ស្ងាត់ខ្លាំង ។ ទោះជាយ៉ាងណាក្តី សង្ឃឹមនឹងអាចដុះឡើងជាថ្មីក្រោយពីមានការទម្លាយថា តារាប្រុសរូបនេះនឹងចុះកុងត្រាច្រៀងជាផ្លូវការជាមួយផលិតកម្មថោន ។

ប្រភពពីអ្នកជិតដិតលើកឡើងថា ប៊ុត សីហា ហាក់បាត់បង់ឱកាសច្រើននៅហង្សមាសទោះបីជាលោកជាម្ចាស់ពានកម្មវិធីThe Voice Cambodia រដូវកាលដំបូងគេក្តី ។ តាមប្រភពបានឲ្យដឹងដែរថាលោ ប៊ុត សីហា បានវេចបង្វេចទៅតាមរៀមច្បងរបស់គេមួយចំនួន ដែលបានចាកចេញទៅកាន់ផលិតកម្មនេះតួយ៉ាងមានដូចជាយក់ ឋិតរដ្ឋា, ឈិត សុវណ្ណបញ្ញា, សុន ស្រីពេជ្រ, និងម៉ៅ​ហាជី ជាដើម ។

ប្រភពបន្តថា អតីតជយលាភីរូបនេះ អាចនឹងមានអនាគតប្រសិនបើចុះកុងត្រាច្រៀងឲ្យផលិតកម្មថោនពិតមែន ព្រោះតែផលិតកម្មនេះយកចិត្តទុកដាក់ និងឲ្យតម្លៃលើទេពកោសល្យតារាចម្រៀងក្មេងៗ ។ ជាពិសេសអ្នកមានសមត្ថភាពដូចជា ប៊ុត សីហា នេះតែម្ដង ។

ទាក់ទងការត្រៀមចុះកុងត្រាឲ្យផលិតកម្មថោននេះលោក ប៊ុត សីហា មិនអាចសុំការបកស្រាយបាននោះទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន ។ ដោយឡែកលោក​ ករុណា ពេជ្រ ដែលជាអ្នកចាត់ការទូទៅរបស់ថោន ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដូចគ្នា ។

ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា លោក ប៊ុត សីហា ហាក់អស់ជំនឿលើផលិតកម្មរស្មីហង្សមាស ដែលខ្លួនប្រឡងជាប់លេខ១ក្នុងកម្មវិធីThe Voice Cambodia នាពេលកន្លងទៅព្រោះតែគ្មានបទចម្រៀងណាមួយអាចទាក់ទាញការគាំទ្រពីទស្សនិកជននោះទេ ក្នុងនាមជាម្ចាស់ពានកម្មវិធីលំដាប់អន្តរជាតិនោះ ។

ប្រភពពីអ្នកជិតដិតប៊ុត សីហា បានទម្លាយថា ក្រោយចុះកិច្ចសន្យារួចកាលពីកន្លងទៅ តារាចម្រៀងរូបនេះនឹងចេញបទចម្រៀងនៅលើផលិតកម្មថោនជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print