អាជ្ញាធរខណ្ឌច្បារអំពៅដាក់ទិសដៅអនុវត្តជាប្រចាំលើការងារសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលធាតុអាកាសធ្លាក់ភ្លៀងស្ទើរតែរាល់ថ្ងៃធ្វើឲ្យកន្លែងខ្លះមានទឹកដក់ ភក់ជ្រាំ និងកន្លែងខ្លះទៀតមានក្លិនស្អុយឆ្អេះឆ្អាបបណ្តាលមកពីប្រជាពលរដ្ឋបោះចោលសំរាមពាស់វាលពាសកាលនោះ បានធ្វើឲ្យអាជ្ញាធរខណ្ឌយកចិត្តទុកដាក់អនុវត្តជាប្រចាំលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារបរិស្ថានអនាម័យក្នុងគោលដៅរួមគឺរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងសន្តិសុខល្អ ។

ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះសម្អាតបរិស្ថានប្រមូលកាកសំណល់ផ្សេងៗដែលប្រជាពលរដ្ឋបោះចោលនៅលើផ្លូវជាតិលេខ១ និងនៅចំនុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត និងនៅតាមមានទន្លេក្នុងសង្កាត់ច្បារអំពៅទី២ ដែលពោរពេញទៅដោយសំរាម ។

ក្នុងយុទ្ធនាការសម្អាតបរិស្ថាននេះដែរគឺជាការពន្ញាក់ស្មារតីដល់ប្រជាពលរដ្ឋកុំបោះចោលសំរាម និងកាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមឲ្យបានត្រឹមត្រូវ និងទុកដាក់នៅកន្លែងដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូលសំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាម សូមកុំបោះចោលពាសវាលពាសកាលតទៅទៀតព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថាន ។

ជាមួយគ្នានេះលោករស់ សុភក្តិ អភិបាលរងខណ្ឌ សូមអំពាវនាវដោលទទូចដល់ប្រជាពលរដ្ឋ សូមកុំយកសំរាម និងកាកសំណល់ផ្សេងៗទៅបោះចោលតាមទីសាធារណៈត្រូវទុកដាក់នៅតាមកន្លែងដែលអាជ្ញាធរបានកំណត់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនស៊ីនទ្រីចុះទៅប្រមូល មួយផ្នែកទៀតមិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានឡើយ ការធ្វើបែបនេះមានន័យថាបងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរក្នុងការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print