ពេជ្រ ខេនឌីចោទក្រុមហ៊ុនសន្តិសុខ CSN លួចទ្រព្យជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ តារាសម្តែងស្រីតូចច្រឡឹង ពេជ្រ ខេនឌី ដែលធ្លាប់បានប្រកាសបើកមុខជំនួញធំដុំនៅខេត្តសៀមរាបកន្លងមក បានចេញមុខចោទប្រកាន់បុគ្គលិកក្រុមហ៊ុនសន្តិសុខ CSNគាស់សោទ្វារ លួចទ្រព្យក្នុងហាងនាងតម្លៃជាង២ម៉ឺនដុល្លារអាមេរិក។

​ការចោទប្រកាន់នេះបានធ្វើឡើងក្រោយពីភាគីក្រុមហ៊ុនសន្តិសុខលើកឡើងថា តារាស្រីរូបនេះខកខានក្នុងការបង់ប្រាក់ថ្លៃសេវាជួលសន្តិសុខចំនួន៦៤០ដុល្លារអាមេរិក។ ពេជ្រ ខេនឌី បានរៀបរាប់អំពីដំណើរនៃរឿងហេតុខាងលើថា ដើមឡើយនាងបានចូលហ៊ុនជាមួយមិត្តភ័ក្កិក្នុងការបើកដំណើរការភោជនីយដ្ឋានយីហោ“ល្បុកកត្តោក្លិប” នៅលើទឹកដីនៃខេត្តសៀមរាប ប៉ុន្តែដោយសារមានបញ្ហាជាមួយម្ចាស់ភាគហ៊ុននាងបានសម្រេចចិត្តផ្អាកដំណើរការ និងចែកភាគហ៊ុនគ្នាវិញ។ នាងថាក្នុងការចែកភាគហ៊ុននោះភាគីម្ខាងទៀតជាអ្នកទទួលរ៉ាប់រងក្នុងការបង់ថ្លៃសេវាសន្តិសុខ ប៉ុន្តែម្ចាស់ភាគហ៊ុននោះមិនបានបង់ ហើយនាងក៏មិនបានទទួលដំណឹងនេះទេ ស្រាប់តែសន្តិសុខក្រុមហ៊ុនខាងលើបានគាស់ទ្វារនាងប្រមូលទ្រព្យសម្បត្តិជាគ្រឿងភ្លេងយកទៅទុកនៅក្រុមហ៊ុនខ្លួន ហើយនឹងមិនទទួលយកការដោះស្រាយ។ នាងបន្តថាដើមឡើយនាងគិតថាក្រុមហ៊ុនសន្តិសុខខាងលើបានប្រមូលទ្រព្យសម្បត្តិនាងដើម្បីការពារនិងរក្សាទុកឲ្យស្រាប់តែក្រុមហ៊ុននេះបែជារឹបអូសទ្រព្យសម្បត្តិនាងនទៅវិញ។ នាងថាថ្លៃសេវាជួលនោះនាងសុខចិត្តចេញមុខសង ប៉ុន្តែក្រុមហ៊ុនមិនបានដោះស្រាយជូនថែមទាំងជំរុញឲ្យនាងប្តឹងទៀតផងដែលធ្វើឲ្យនាងកាន់តែហួសចិត្ត។ នាងថាជាអំពើមួយខុសទៅនឹងច្បាប់ព្រោះតែការគាស់ទ្វារមិនបានជូនដំណឹងទៅនាង ឬមន្ត្រីមូលដ្ឋាន ហើយនាងបានស្នើដល់មន្ត្រីមូលដ្ឋានជួយពិនិត្យ និងស្វែងរកយុត្តិធម៌ចំពោះនាងផងដែរ។ នាងព្រមានទៅកាន់ក្រុមហ៊ុនសន្តិសុខ CSN ឲ្យសងឲ្យនាងវិញនូវសម្ភារៈដែលបាត់បង់ទាំងប៉ុន្មានឲ្យគ្រប់ចំនួនមុនពេលដែលនាងសម្រេចចិត្តចំណាត់ការតាមផ្លូវច្បាប់នោះ។ នាងថានាងពិតជាមិនអាចទទួលយកបាននូវសម្តីមាក់ងាយរបស់ក្រុមហ៊ុន រួមទាំងការប្រព្រឹត្តិទង្វើដូចចោរគាស់កកាយប្រមូលទ្រព្យសម្បត្តិហាងនាង។

 នាងប្រកាសដែរថានេះគឺជាទង្វើដែលមិនមានការទទួលខុសត្រូវសម្រាប់អតិថិជនពីសំណាក់ក្រុមហ៊ុនសន្តិសុខ ហើយបែជាលួចទ្រព្យសម្បត្តិ និងបង្កជម្លោះជាពាក្យសម្តីដល់នាងជាអតិថិជន។ នាងក៏បានផ្តាំផ្ញើឲ្យមហាជនមានការប្រុងប្រយ័ត្ន ចំពោះការជួលសេវាកម្មសន្តិសុខសម្រាប់ការពារទ្រព្យរបស់ខ្លួននោះ៕

ដោយ វឌ្ឍនា

 

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print