រថយន្តបុកម៉ូតូស្លាប់២នាក់ និងបុកធ្លាយជញ្ជាំងផ្ទះប្រជាពលរដ្ឋនៅស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ៖  យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ ខណៈមានករណីគ្រោះ ថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ហើយបានរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យ ​ខូចខាតយ៉ាង​​ដំណំ​ និងបណ្តាលឲ្យមនុស្ស​២​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់ ​។

ហេតុការណ៍ខាងលើកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១៤​ មិថុនា ​ឆ្នាំ ២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ។

នគរបាលស្រុក​កំពង់សៀម បានឲ្យដឹងថានៅ​ពេល​មុន​កើតហេតុ​ រថយន្ត​ម៉ាកហ្វ័ត រ៉េនជ័រ ពណ៌ទឹកមាស បើក​ក្នុង​ទិសដៅ​ពី​​លិច​ទៅ​កើត ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ដែលអ្នក​បើកបរ​​ឈ្មោះ ង្វៀ​ង ស៊ី​ម៉ាច ភេទ​ប្រុស អាយុ៣១​ឆ្នាំ រស់​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ ដោយឡែក ខាង​ម៉ូតូ​ម៉ា​កស៊ុយហ្ស៊ុយគីនិច ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ក្រចេះ​1D-1209 បើកបរ​ដោយ​ឈ្មោះ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដោយ​បាន​​រួម​ដំណើរ​​ជាមួយ​​មិត្តភក្តិ​ម្នាក់​ មិន​ស្គាល់ឈ្មោះ ដោយម៉ូតូនេះ​បាន​បើក​បញ្ច្រាសទិស​គ្នានឹងរថយន្ត   ។

សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា អ្នក​ជិះ​ម៉​តូ​ទាំង​២​នាក់ ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ស្រប​ពេល​ដែល​ជិះ​ដល់​ត្រង់​ចំណុច​​មុខ​ផ្ទះ​​របស់​ឈ្មោះ ឡុ​ង នៅ​ភូមិ​អណ្តូង​ច្រុះ ស្រាប់តែ​បាន​ប៉ះទង្គិចជាមួយ​រថយន្តខាងលើ​។ ក្នុង​ពេល​កើតហេតុ​នោះ​បណ្តាល​ឱ្យ​​អ្នក​ជិះ​ពីក្រោយដែល​មិន​ស្គាល់ឈ្មោះ​​ស្លាប់ភ្លាម ចំណែក​អ្នក​ឌុ​ប​វិញ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧​ដេ ស្រុក​កំពង់សៀម តែក្រោយមក​បាន​ស្លាប់​ដែរ ។ រីឯរថយន្ត​នោះ ​ក៏​បាន​ជ្រុល​ល្បឿន​មក​បុក​ផ្ទះ របស់​ប្រជាពលរដ្ឋលក់ទំនិញចាបហួយ​បណ្តាល​ឲ្យបាក់​ជញ្ជាំង​បេតុង​ជ្រុះ​ធ្លាក់​ដល់​ដី រថយន្ត​ផ្ទុះ​ពោង​សុវត្ថិ​ភាព ​តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរជា​ជនជាតិ​វៀតណាម​ និងម្ចាស់ផ្ទះនោះ​ទេ ៕ វណ្ណៈ

...

 

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print