ខេត្តព្រះសីហនុ ៖ ជនសង្ស័យមានគ្នា៤នាក់ត្រូវបានកម្លាំងនគរបាលជិះប្រដេញឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពូកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស កាលពីបេលាម៉ោង១កន្លះយប់ ឆ្លងចូលថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខរង្វង់មូលតោ២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
មុនកើតហេតុ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកNex ពណ៌ស ពាក់ស្លាកលេខ1I-7358 បានធ្វើ សកម្មភាពឆក់ទូរស័ព្ទជនជាតិចិន ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចេញប្រតិបត្តិការបង្ក្រាបជិះដេញតាមចាប់ខ្លួនជនសង្ស័យទាំង២ រហូតឈានដល់ការឃាត់ខ្លួនបានជន សង្ស័យ២នាក់បន្ថែមទៀតត ដែលជាបក្ខពួកសមគំនិត ។
ជនសង្ស័យទាំង៤នាក់ដែលកម្លាំងនគរបាលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សុខ នីហួត ភេទប្រុស អាយុ ១៧ឆ្នាំ បុខរបរ ជាងដេរកាបូប មានទីលំនៅ ភូមិក្រាំងតាចក ឃុំរុងរឿង ស្រុកស្ពង ខេត្តកំពង់ស្ពឺ ( អ្នកបើកម៉ូតូ ) ។
២-ឈ្មោះ រឿង គន្ធា ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ ជួយលក់ឥវ៉ាន់ម្តាយ មានទីលំនៅ ភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ( ជិះពីក្រោយឆក់ ) ។
៣-ឈ្មោះ ជួន កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ បុខរបរ ជួយលក់ឥវ៉ាន់ម្តាយ មានទីលំនៅ ភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ( សមគំនិត ) ។
៤-ឈ្មោះ ជុំ ជុតិម៉ា ភេទប្រុស អាយុ ១៧ឆ្នាំ បុខរបរ ជួយលក់ឥវ៉ាន់ម្តាយ មានទីលំនៅ ភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ( សមគំនិត ) ។
ក្រោយការឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាង និងជាមធ្យោបាយជិះធ្វើសកម្មភាពរួមមាន ៖ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ទឹកមាស ( ផលនៃអំពើទុច្ចរិត ) ,ម៉ូតូ១គ្រឿង ម៉ាក Nex ពណ៌ស ស្លាកលេខ កំពង់ស្ពឺ1I-7358 ,ម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ស ស្លាកលេខកំពង់ស្ពឺ1K- 0018 ។
ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំពុងចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ