រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃ សុក្រ ៣ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨សាលាដំបូងរាជធានីភ្នំពេញ បាន ប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សាន បូរី អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅនៅ ផ្ទះលេខ៣១២ ផ្លូវលេខ៤៤C ភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដាក់ពន្ធនាគារ១០ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល៧ឆ្នាំ ។
តុលាការបានចោទប្រកាន់ជនត្រូវចោទពីបទ «ឃាតកម្មប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងហាងផឹកស៊ីគ្មានយីហោ ផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១១ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូនរំលឹកថា នៅមុនពេលកើតហេតុ ជនជាប់ចោទនិងមិត្តភក្តិ បានដើរចូលទៅផឹកស៊ីក្នុងហាងគ្មានយីហោ ក្បែរផ្ទះ។ក្រោយពីផឹកស៊ី បានមួយសន្ទុះ ក៏ច្រៀងខារ៉ាអូខេ ស្រាប់តែជនរងគ្រោះ ឈ្មោះ ជ័យ ប៊ុនថន និងបក្ខពួក២នាក់ទៀត ដែលកំពុងផឹកស៊ីនៅក្បែរគ្នា ច្រៀងតាមបទខ្លួនច្រៀងរហូត ហើយក្រុមជនរងគ្រោះ បានឌឺដង ឲ្យថា គ្រាន់តែ មកផឹកស៊ីសោះ យកកាំភ្លើងមកដែរ អាប៉ូលីសមាន់ស្ងោរ និងបានឲ្យក្តខ្លួនថែមទៀតផង។
ដោយសារក្រុមជនរងគ្រោះ និយាយឌឺដងដដែលៗ ជនជាប់ចោទក៏តមាត់ វិញរហូត ផ្ទុះហិង្សាដាក់គ្នា ក្រុមជនរងគ្រោះបានព្យាយាមដណ្តើមយកកាំភ្លើងតែ ជនជាប់ចោទ បានបាញ់ស្លាប់ម្នាក់ឈ្មោះ ជ័យ ប៊ុនថន មុខរបរសន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយក្រោយមកសមត្ថកិច្ចទៅដល់ចាប់ខ្លួនបានតែម្តង ៕