ខេត្តត្បូងឃ្មុំ ៖ មកទល់និងពេលនេះច្រកដូង៧ដើម ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូង ត្រូវបានគេរាយការណ៍មកថា៖ មានការបើកដំណើរការអាជីវកម្មកាស៊ីណូមួយកន្លែង ជិត១ខែមកហេីយ ក្នុងនោះរាល់អ្នកចូលលេងគេឃេីញ ភាគច្រើនលើសពី៩០ភាគរយនៃអ្នកចូលសុទ្ធតែពលរដ្ឋខ្មែរ ទោះជាមានសន្តិសុខ និងសមត្ថកិច្ចនៅពិនិត្យទីនោះក៏ដោយ។
អ្នកឃើញសកម្មភាពនេះបានបញ្ជាក់ថា៖ ក្នុងនោះសូម្បីតែ អ្នកមានលុយនៅស្រុកមេមត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ទាំងសុីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ ប្រកបដោយការវក់វង្វេងនូវអំពើអបាយមុខនេះ ដែលអាចប្រឈមទៅនឹងការបាត់បង់ទ្រព្យសម្បត្តិ ឬបង្កើតអោយមានបទល្មើសក្នុងសង្គម។
ក្រៅពីកាសុីណូបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេង នៅមានករណីបើកសង្វៀនជល់មាន់យ៉ាងគគ្រឹកគគ្រែង ចាក់ភ្នាស់ សប្បាយហូរកញ្ចៀវ លាន់ឮ អឺងកងរំពង ទាំងខ្មែរ-វៀតណាម ក្លាយទៅជាតំបន់ បនល្បែងបែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាសុីណូស្របច្បាប់។
ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាត នេះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរអោយ ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាល នៃក្រសួងមហាផ្ទៃ គួរមានវិធានការ ពិនិត្យក្នុងករណីនេះ ចៀសវាងធ្វើអោយពលរដ្ឋខ្មែរវក់វង្វេងនិងល្បែងសុីសង បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គម៕
ដោយ៖ សុខ ខេមរា