សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យដេបូលក់ជី និងថ្នាំកសិកម្មអត់ច្បាប់នៅស្រុកកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់សកម្មភាពលក់ដូរ និងចែកចាយផលិតផលប្រភេទថ្នាំកសិកម្ម ដែលមានផ្ទុកសារធាតុគីមីកម្រិតខ្ពស់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកលី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន និងមានការសម្របសម្រួលពីលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យទីតាំងលក់ថ្នាំ និងជីកសិកម្មមួយកន្លែងមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

យុទ្ធការចុះឆែកឆេរទីតាំងលក់ ចែកចាយ ជី និងថ្នាំកសិកម្មនេះដែរបានធ្វើឲ្យម្ចាស់ដេប៉ូមានឈ្មោះហេង សុខណា ភេទប្រុស អាយុ៣៣ឆ្នាំ រួមជាមួយប្រពន្ធចាក់សោខាងក្នុងមិនឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យនោះឡើយ ៣ម៉ោងក្រោយមកទើបម្ចាស់ផ្ទះចាក់សោរឲ្យសមត្ថកិច្ចចម្រុះចូលត្រួតពិនិត្យបន្ទាប់ពីលោកស្រីព្រះរាជអាជ្ញារងចុះទៅដល់ទីតាំងលក់ចែកចាយជី និងថ្នាំកសិកម្ម ។

លោកលី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់ថា ជាលទ្ធផលសមត្ថកិច្ចចម្រុះរកឃើញប្រភេទថ្នាំកសិកម្មជាច្រើនមុខសរសេរស្លាកយីហោជាភាសាបរទេស និងមានផ្ទុកសារធាតុគីមីខ្លាំង ធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងគុណភាពដីកសិកម្ម ។ ប្រភេទថ្នាំកសិកម្ម ដែលម្ចាស់ទីតាំងនាំចូលយកមកលក់ចែកចាយគ្មានច្បាប់អនុញ្ញាតិនោះឡើយ ហើយត្រូវបានក្រុមការងារធ្វើកំណត់ហេតុដកយកមករក្សាទុកដើម្បីឲ្យការិយាល័យជំនាញត្រួតពិនិត្យពីគុណភាពថ្នាំ ។

ដោយឡែកប្រភេទថ្នាំលាយមួយចំនួនទៀត ដែលម្ចាស់ទីតាំងយកមកលាយជាមួយសារធាតុផ្សំដើម្បីបង្កើនសារធាតុគីមីឲ្យមានឥទ្ធិពលខ្លាំងសម្រាប់យកទៅប្រើប្រាស់លើផ្នែកកសិកម្ម ត្រូវបានសមត្ថកិច្ចចម្រុះក្រោមការចង្អុលបង្ហាញពីលោកស្រីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ណែនាំឲ្យចាក់សោរឃ្លុំបេឃ្លាំងទុកថ្នាំកសិកម្មបណ្តោះអាសន្នមិនឲ្យយកទៅលាយផ្សំទៅជាថ្នាំកសិកម្មដើម្បីលក់ដូរចែកចាយនោះឡើយ ដោយរង់ចាំការសម្រេចពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ។ ចំណែកម្ចាស់ផ្ទះ ដែលដាក់លក់ដូរចែកចាយជី និងថ្នាំកសិកម្មគ្មានការអនុញ្ញាតិ និងត្រូវពិន័យអន្តរកាលចំនួន៤លានរៀល ហើយម្ចាស់ផ្ទះមិនត្រូវបានចាប់ខ្លួននោះទេ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print