ភ្នំពេញ៖ ម្ចាស់សំណង់រោងដែក ដែលអាជ្ញាធរខណ្ឌសែនសុខ ចាត់ទុកថា ជាសំណង់ខុសច្បាប់ និងបានដាក់ពេលកំណត់ឲ្យរុះរើចេញ ជាច្រើនលើក ដោយមានលិខិតជូនដំណឹងផងនោះ មកដល់ពេលនេះ ម្ចាស់សំណង់ខុសច្បាប់ឈ្មោះ ទិត សុខវណ្ណា ដែលគេដឹងថា មានតួនាទីជាមេធាវីនោះបានសម្រេចចិត្តរុះរើចេញដោយខ្លួនឯងហើយ។ កាលពីយប់ថ្ងៃច័ន្ទ៦កើត បឋមសាធ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៨នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។
សូមជម្រាបជូនថា លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានប្លង់ LMAP នៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា អាជ្ញាធរសង្កាត់គោកឃ្លាង ធ្លាប់ បានយកលិខិតជូនដំណឹង ឲ្យរុះរើ ដែលមានហត្ថលេខាលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទៅបិតលើរោងដែកដែលសង់រំលោភយកដីផ្លូវរដ្ឋ ដោយបានកំណត់ពេលឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើសំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែផ្ទុយពីការកំណត់របស់អាជ្ញាធរ លោកមេធាវីបំពានច្បាប់រូបនេះ បានសុំពន្យាពេលរុះរើត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ទីបំផុត មេធាវីរូបនេះនៅតែមិនគោរពតាមការសន្យា ខណៈដែលលិខិត ជូនដំណឹងក៏ត្រូវគេបកចោលនៅលើរោងដែករំលោភផ្លូវរដ្ឋនោះផងដែរ៕ ដោយ៖ តុង សីហា