ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលវាយសម្លាប់ឳពុកខ្លួនឯងកាត់ដៃកាត់ជើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ។ ក្រោយពីជនល្មើសជាឃាត.កមានឈ្មោះ ហ៊ាង កូយ អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់ឳពុកមានឈ្មោះ មួនហ៊ាង អាយុ៥៩ឆ្នាំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា នៅចំណុចភូមិឃុំខាងលើកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ កូនប្រុសអកតញ្ញូម្នាក់បានធ្វើសកម្មភាពយកដំបងឈើជ្រុងវាយសម្លាប់ឳពុកខ្លួនឯង ហើយថែមទាំងយកកាំបិតកាត់ដៃនិងជើងរបស់ជនរងគ្រោះបន្ទាប់ពីជនរងគ្រោះជាឳពុកបានស្តីឱ្យជនល្មើសជាកូនថាអាឆ្កួត ។
លោកវរសេនីយ៍ត្រី ឆេងអ៊ី សុខា អធិការនគរបាលស្រុកអូរជ្រៅប្រាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានវាយរនាបប្ញស្សីដើម្បីធ្វើជញ្ជាំងបិទបាំងកន្លែងកូនជាល្មើស ឱ្យដេក។ នៅពេលនោះស្រាប់តែជនរងគ្រោះបានដើរទៅក្បែរជនរងគ្រោះកំពុងដេកក្រោមផ្ទះ ហើយឃើញកូនកំពុងដេកឳពុកក៏ស្តីបន្ទោសកូនរូបនោះថាអាឆ្កួតខ្ជិលណាស់។ ក្រោយពីស្តីឱ្យកូនរួចហើយ ជនរងគ្រោះ ក៏មកវាយរនាបប្ញស្សីធ្វើជញ្ជាំងបន្ត បន្ទាប់មកដោយជនល្មើសជាកូនបានខឹងឳពុកស្តីបន្ទោសក៏ដើរមកពីក្រោយស្ងាត់ៗយកឈើជ្រុងវាយឳពុកត្រូវចំក្បាលពីក្រោយបណ្តាលឱ្យស្លាប់មួយរំពេច។ នៅពេលនោះកូនប្រុសរូបនោះក៏បានយកកាំបិតនិងពូថៅ កាត់ដៃកាត់ជើងទាំង២របស់ជនរងគ្រោះថែមទៀតផង ។
ក្រោយពីមានហេតុការណ៍បែបនោះភ្លាមជនល្មើសបានរត់គេចខ្លួន ហើយក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ថិ៍ឃុំចង្ហា និងប្រជាពលរដ្ឋ នាំគ្នាដេញចាប់ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ។
លោកអធិការនគរបាលស្រុកអូរជ្រៅ ប្រាប់ឱ្យដឹងទៀតថា ជនល្មើសហាក់បីដូចជាមនុស្សបាត់បង់សតិ ក៏ប៉ុន្តែជនល្មើសគ្មានលិខិតបញ្ជាក់ពីគ្រូពេទ្យថាជាមនុស្សឆ្កួតនោះឡើយ ។
ក្រុមគ្រួសារសព កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ត្រូវបានលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបានចុះទៅសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនធំប្រគល់ជូនដល់ក្រុមគ្រួសារសពនោះផងដែរ ៕
ដោយ៖ សំ វិច្ឆិកា