ខេត្តបាត់ដំបង៖ អំពើឃាតកម្មបាញ់សម្លាប់ទៅលើមន្ត្រីយោធាម្នាក់នៅស្រុកភ្នំព្រឹកសមត្ថកិច្ចពុំទាន់ស្វែងរកចាប់ឃាត់ខ្លួនជនល្មើសនៅឡើយនោះទេ ខណៈដែលសមត្ថកិច្ចកំពុងនៅតែបន្តបើកការតាមដានស្រាវជ្រាវស៊ើបអង្កេត ចំណាយពេលវេលារយៈពេល៣ថ្ងៃមកហើយនោះដើម្បីស្វែងរកចាប់ឃាត់ខ្លួនជនល្មើស ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពយោធាវរៈការពារព្រំដែន៥៣៣ចំណុះឱ្យកងពលតូចលេខ៥៣ មានឈ្មោះ លី គឹមឈុន ភេទប្រុស អាយុ៤៧ឆ្នាំបច្ចុប្បន្ន រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់ប្រើប្រាស់កាំភ្លើងបាញ់ ១គ្រាប់ត្រូវចំក្រោមត្រចៀកខាងស្តាំធ្លាយដល់ក្រោមត្រចៀកខាងឆ្វេងបណ្តាលឱ្យស្លាប់មួយរំពេចខណៈ ដែលជនរងគ្រោះកំពុងដេកនៅក្នុងខ្សុសខាងមុខផ្ទះ ចំណែកប្រពន្ធកូនវិញទៅលក់ដូរនៅក្នុងវត្ត ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថាក្រោយពីជនល្មើសបាញ់សម្លាប់ជនរងគ្រោះរួចហើយរត់គេចខ្លួនបាត់ បន្ទាប់មកធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយរាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែលប្រាប់ឱ្យដឹងទៀតថាការស្រាវជ្រាវនិង តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះត្រូវបានឃាតកបាញ់សម្លាប់ប្រើប្រាស់កាំភ្លើងខ្លីធុនកា ៥៤ ក៏ប៉ុន្តែនៅកន្លែងកើតហេតុសមត្ថកិច្ចមិនបានរកឃើញសំបកកាទុសនោះទេឃាតកជំនាញប្រើប្រាស់កាំភ្លើង ។
ជុំវិញនៃរឿងឃាតកម្មខាងលើសមត្ថកិច្ចដែលចុះទៅស្រាវជ្រាវស៊ើបអង្កេតមិនទាន់ហ៊ានសន្និដ្ឋានថាជាប់ពាក់ព័ន្ធនិងបញ្ហាអ្វីនៅឡើយនោះទេ ។ប៉ុន្តែសមត្ថកិច្ចខ្លះអះអាងនិងសនិ្នដ្ឋានខុសគ្នាៗថា ឃាតកម្មនេះអាចជាប់ពាក់ព័ន្ធនិងរឿងស្នេហាត្រីកោណនិង អ្នកខ្លះទៀតអះអាងថាអាចជាប់ពាក់ព័ន្ធរឿងទំនាស់ដីធ្លី ៕
ដោយ៖ សំ វិច្ឆិកា