ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់រួមថ្នាំញៀន និងសម្ភារមួយចំនួន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដារបានចុះបង្រ្កាប និងចាប់ខ្លួន ពាក់ព័ន្ធនឹងករណីដូរសារធាតុញៀនដោយខុសច្បាប់ ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង២៦នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការម្រេច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យុន វិក ហៅវីន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិពូទឹត ឃុំប៊ូស្រា ស្រុកពេជចន្តា ខេត្ត មណ្ឌលគីរី ។
លោកបន្តថា ក្រោយការឃាត់ខ្លួន កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាថ្នាំញៀនចំនួន៥កញ្ចប់ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី ចាត់ការតាមនីតិវិធី ៕ វណ្ណៈ