មនុស្សយ៉ាងតិច៣០នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកពីរលើកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភាគខាងជើងរបស់នីហ្សេរីយ៉ា ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាល និងសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក ។ វាជាព្រឹត្តិការណ៍ឃោរឃៅថ្មីទៀតដែលគេសង្ស័យថា ជាទង្វើរបស់ក្រុមឧទ្ទាមបូកូហារ៉ាម។
គេនៅមិនទាន់ឃើញក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារខាងលើនេះនៅឡើយទេ ។ ប៉ុន្តែការវាយប្រហារបែបឃោរឃៅ សម្លាប់មនុស្សមិនរើសមុខដូចនេះនាពេលកន្លងមក ភាគច្រើនជាសកម្មភាពរបស់ក្រុមឧទ្ទាមបូកូហារ៉ាម ដែលធ្វើសកម្មភាពដើម្បីដណ្តើមគ្រប់គ្រងទឹកដីនីហ្សេរីយ៉ា បង្កើតទៅជាអាចក្រអិស្លាមកាលីផេតរបស់ពួកគេ។ ក្រុមនេះបានគ្រប់គ្រងដែនដីភាគច្រើននៅភាគខាងជើងនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩រៀងមក ប៉ុន្តែនៅអំឡុងឆ្នាំចុងក្រោយនេះ ក្រុមឧទ្ទាមបូកូហារ៉ាមបានបោះបង់ចោលតំបន់គ្រប់គ្រងរបស់ខ្លួន ហើយរត់ទៅជ្រកពួននៅក្នុងព្រៃជ្រៅ ដោយសារតែកងទ័ពរបស់នីហ្សេរីយ៉ា ធ្វើសហប្រតិបត្តិការកម្លាំងយោធា ចងសម្ពន្ធមិត្តជាមួយប្រទេសជិតខាង ដូចជាប្រទេសឆាដ ប្រទេសណៃចឺ និងប្រទេសកាមរ៉ុន រួមគ្នាប្រយុទ្ធប្រឆាំង និងកម្ចាត់ពួកឧទ្ទាមបូកូហារ៉ាមដ៏ល្បីល្បាញនោះ។
កាលពីសប្តាហ៍មុននេះ មនុស្សជាង២០០នាក់បានស្លាប់ បន្ទាប់ពីរលកនៃការវាយប្រហារនៅក្នុងប្រទេសដែលផលិតប្រេងច្រើនជាងគេក្នុងទ្វិបអាហ្វ្រិកមួយនេះ ធ្វើឲ្យមានការគំរាមកំហែងដល់តួនាទី និងអំណាចដឹកនាំរបស់ប្រធានាធិបតីនីហ្សេរីយ៉ាថ្មី លោក Muhammadu Buhari ។ លោក Muhammadu Buhari ក្រោយពីការឡើងកាន់អំណាចភ្លាមបានស្វះស្វែងរកកិច្ចសហប្រតិ្តការ ចងសម្ពន្ធមិត្តជាមួយបណ្តាប្រទេសជិតខាងដើម្បីរួមកម្លាំងគ្នាកម្ចាត់ពួកឧទ្ទាមបូកូហារ៉ាមដែលសម្លាប់មនុស្សមិនញញើតដៃ និងមិនប៉ព្រិចភ្នែក ។
ការវាយប្រហារកាលពីថ្ងៃទី៧ ខែកក្កដា ទៅលើអគាររដ្ឋាភិបាលស្ថិតនៅជាយក្រុង Zaria បានបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស២៥នាក់ និងរងរបួស៣២នាក់។