ខេត្តពោធិ៍សាត់៖ នឹងបង្កើតស្រុកថ្មីមួយទៀតមានឈ្មោះថា ស្រុកសំសាន្ត ចេញពីស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានលើកឡើងនឹងលើកតំបន់រដ្ឋបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាមកដាក់នៅក្នុងឃុំតាលោនៃស្រុកបាកាន ដើម្បីបង្កើតជាស្រុកថ្មីមួយទៀតមានឈ្មោះថា “ស្រុកសំសាន្ត”នៅពេលដែលស្រុកនេះបានបង្កើតចេញជារូបរាងហើយនោះ ស្រុកសំសាន្ត នឹងក្លាយជាស្រុកបង្អែកមួយ បន្ទាប់ពីក្រុងពោធិ៍សាត់ ដែលអាចជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែជិតកាន់តែលឿនមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

លោក បានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាល ដោះស្រាយសំណូមពរ និងពិភាក្សាការបង្កើតស្រុកថ្មីជាមួយគ្រួសារប្រជាពលរដ្ឋ ទូទាំងឃុំតាលោជិត៣ពាន់នាក់ ដោយមានការចូលរួមពីសំណាក់តំណាងរាស្ត្រសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋានយ៉ាងច្រើនកុះករ។

ក្រោយពីទទួលយក និងដោះស្រាយនូវរាល់សំណូមពរ របស់ប្រជាពលរដ្ឋនៅទីនោះរួចមក ក្នុងនាមរដ្ឋបាលខេត្ត និងជាមហាមេគ្រួសារ បានសម្តែងនូវក្តីរីករាយ ដោយបានបញ្ជាក់ថា គោលបំណងសំខាន់ គឺចង់ដឹងពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រកាសនៅចំពោះមុខបងប្អូនផ្ទាល់តែម្តង គឺនាឆ្នាំ២០១៩ខាងមុខ លោក នឹងបង្កើតស្រុកថ្មីមួយនេះ លោក បន្ថែមថា ដោយយល់ឃើញថា ឃុំតាលោ មានលក្ខណៈភូមិសាស្ត្រល្អ ប៉ុន្តែមានចម្ងាយឆ្ងាយពីទីរួមស្រុកបាកាន ពិបាកក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈផងនោះ ក៏បានសុំការឯកភាព ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃសម្ពោធអាគាររដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់ កាលពីពាក់កណ្តាលខែសីហាកន្លងទៅ ហើយសម្តេចក៏បានឯកភាពយល់ព្រមតាមការស្នើសុំ ឲ្យបង្កើតស្រុកថ្មីមួយដែលប្រជាពលរដ្ឋបានសម្រេចឲ្យប្រើឈ្មោះថា “ស្រុកសំសាន្ត” ដើម្បីជួយសម្រួល ដល់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print