រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានជនទុច្ចរិត មានចេតនាអាក្រក់ បានធ្វើសកម្មភាពជ្រើសរើសប្រជាពលរដ្ឋឲ្យចូលកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញលិខិតប្រកាសព័ត៌មាន «ស្តីពីការប្រើប្រាស់ដោយគ្មានសិទ្ធិនូវឯក សណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ យានយន្តប្រើប្រាស់ដោយយោធា ឬកងរាជ អាវុធហត្ថ និងការបង្កើតកម្លាំងប្រដាប់អាវុធដោយខុសច្បាប់» ។
ក្នុងលិខិតចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បួនថ្ងៃក្រោយនៃជនខិលខូចធ្វើសកម្មភាពជ្រើសរើសកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មានដោយបានអះអាងថា នឹងអនុវត្តច្បាប់ចំពោះជនណាដែលប្រើប្រាស់ដោយគ្មានសិទ្ធិនូវឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ យានយន្តប្រើប្រាស់ដោយយោធា ឬកងរាជអាវុធហត្ថ និងការបង្កើតកម្លាំងប្រដាប់អាវុធដោយខុស ច្បាប់។
គួររំឭកថា កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ែន ហុង បានឃាត់ខ្លួន មនុស្ស៦នាក់ ដកហូតឯកសារបញ្ជីឈ្មោះ គ្រឿងបំពាក់ សម្ភារអាវុធហត្ថមួយចំនួន និងម៉ូតូ៣គ្រឿង ។ ពួកគេត្រូវបានឃាត់ខ្លួនពីបទធ្វើសកម្មភាពជ្រើសរើសកម្លាំងប្រដាប់អាវុធ ដោយខុសច្បាប់ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹក ល្អក់៣ ខណ្ឌទួលគោក ពីបទជ្រើសរើសប្រជាពលរដ្ឋឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់ ។
ជនដែលធ្វើសកម្មភាពជ្រើសរើសកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ ៖ ១-ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង , ២-ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក , ៣-ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ ,
៤- ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ,៥-ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ,៦-ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧ ៕ នគរដ្រេហ្គន
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម ៖